2024-07-02 06:07
315

ប៉ោយប៉ែត៖ ទីតាំងផលិត និងកែឆ្នៃទឹកស្លឹកកាធុម ចំនួន ០៣ទីតាំង នៅក្រុងប៉ោយប៉ែត ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក អុំ រាត្រី អភិបាលេខត្តបន្ទាយមានជ័យ ចុះបង្រ្កាប នៅពីព្រឹកថ្ងៃទី០២ កក្តដា ឆ្នាំ២០២៤នេះ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាកិច្ចប្រតិបត្តិការបង្រ្លាបនេះ ធ្វើឡើងលើទីតាំងបីកន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត រួមមាន៖ ទី១៖ នៅចំណុច បុរីដួងច័ន្ទ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ, ២៖ នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ និងទី៣៖ នៅភូមិបាលិឡៃពីរ សង្កាត់ប៉ោយប៉ែត។ ការចុះបង្រ្កាបនេះ ក៏មានការដឹកនាំកម្លាំង ពីសំណាក់លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការដ្ឋានខេត្តបន្ទាយមានជ័យ និង លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងចូលរួមសម្របសម្រួលនីវិធី ដោយលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ។

នៅក្នុងប្រតិបត្តិការបង្រ្កាបនេះឃើញថាកម្លាំងសមត្ថកិច្ចបានយកចិត្តទុកបំផុតខណៈ ទីតាំងទាំងបីកន្លែងខាងលើនេះក៏ត្រូវបានបិទជាបណ្តោះអាសន្ន ដោយឡែកចំពោះអ្នកពាក់ព័ន្ធ រង់ចាំការសម្រេចពេលអនុវត្តរួច។

   សូមបញ្ជាក់ថាបច្ចុប្បន្នទឹកស្លឹកកាធុមកំពុងតែចរាចរនៅក្រុងប៉ោយប៉ែត និងមានការពេញនិយមពីបរទេសដែលកំពុងស្នាក់នៅធ្វើការក្នុងក្រុងប៉ោយប៉ែតទៀតផង។ស្លឹកកា            ធុម គឺជាពពួកថ្នាំញៀនមួយប្រភេទ ត្រូវបានឈ្មួញថៃ កុម្មង់ទិញពីប្រទេសម៉ាឡេស៊ី ដោយក្នុងមួយគីឡូក្រាម តម្លៃ៣០០បាត ហើយឈ្មួញយកមកលក់បន្តនៅក្នុងស្រុកបានតម្លៃ ៤៨០ បាត ក្នុងមួយគីឡូក្រាម។ ចំណែកអ្នកដែលទិញយកទៅលក់រាយ (លក់រាប់សន្លឹក ) គឺក្នុង១សន្លឹក ចាប់ពី ១០បាត ទៅ២០បាត ទៅតាមទំហំ ស្លឹកតូច ឬធំ។

ចំពោះស្លឹកកាធុម ភាគច្រើន គឺអ្នកធ្វើការសំណង់យកទៅបរិភោគឆៅ រួចគេផឹកភេសជ្ជៈតាមក្រោយដូចជា ខារ៉ាបាវ គោជល់ ឬក៏ M150 ជាដើម។ ដើម្បីឲ្យមានកម្លាំងខ្លាំង និងធ្វើការមិនចេះហត់ទៀតផង៕