2024-07-03 12:07
179

ភ្នំពេញ៖ នៅយប់ថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២៤នេះ ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្វើសេចក្ដីថ្លែងការណ៍ផ្ទាល់ ដើម្បីបញ្ជាក់ឡើងវិញនូវ «ខ្លឹមសារពិត ដែលអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លើកពីបទពិសោធនៃការភ្ជាប់ប្រព័ន្ធ GPS លើអ្នកនៅក្រៅឃុំ»។

លោក ទូច សុខៈ (សុឃៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងថា៖ នាពេលកន្លងទៅលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សាវនា អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានពន្ធនាគារធ្លាប់បានថ្លែងពន្យល់អំពីការណែនតាន់តាប់អ្នកទោសក្នុងពន្ធនាគារ និងយន្តការអំពីការដោះស្រាយបញ្ហានោះ ប៉ុន្តែដោយមានការកាត់យកត្រង់ចំណុចខ្លីមួយដែលនាំឱ្យមហាជនមានភ័ន្តច្រឡំ ដើម្បីកុំឱ្យមានការយល់ច្រឡំបន្តទៀត អគ្គនាយករង និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារនឹងធ្វើការពន្យល់ឡើងវិញអំពីរឿងនេះ។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សាវនា អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងថា៖ «កាលពីថ្ងៃ១០ ខែមិថុនា ឆ្នាំ២០២៤ កន្លងមក លោកបានបកស្រាយនូវវិធានការដោះស្រាយមួយចំនួនពាក់ព័ន្ធការណែនតាន់តាប់អ្នកទោសក្នុងពន្ធនាគារ ក្នុងនោះលោកបានពន្យល់អំពីវិធានការមួយពាក់ព័ន្ធការប្រើប្រាស់អំពីវិធានក្នុងវិធានជាច្រើនទៀត គឺវិធានបំពាក់ឧបករណ៍ជំនួយ GPS លើទណ្ឌិតដែលត្រូវបានតុលាការសម្រេចដាក់ឱ្យនៅក្រៅឃុំដោយមានលក្ខខ័ណ្ឌស្របតាមនិតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ពីមាត្រា ៥១២ ដល់មាត្រា ៥២២»។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សាវនា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ បានបន្ថែមទៀតថាសម្រាប់ឧបរកណ៍កងដៃ ឬកងជើងបំពាក់មានប្រព័ន្ធ GPS នេះច្បាប់របស់កម្ពុជាយើងមិនទាន់មានចែងទេ ប៉ុន្តែវាគ្រាន់តែឧបករណ៍ជំនួយ ឬបច្ចេកទេសដើម្បីគ្រប់គ្រងជនជាប់ឃុំ ឬទណ្ឌិតដែលត្រូវបានដាក់ឱ្យក្រៅឃុំដោយមានលក្ខខ័ណ្ឌ។ លោកឧត្តមអគ្គានុរក្ស បានបញ្ជាក់ថា៖ «ថ្មីៗនេះមានអ្នករកស៊ីអនឡាញ (MMO) បានកាត់យកត្រង់សម្តីរបស់លោកនិយាយអំពីវិធានដាក់ប្រព័ន្ធ GPS យកទៅភ្ជាប់រូបភាពករណីឧក្រិដ្ឋជន ស្រី ស៊ីណា និងបានបញ្ចូលសម្លេងបន្ថែមថាជាសារបែកធ្លាយទៅវិញ»។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សាវនា អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់បន្ថែមថា៖ «ទង្វើបែបនេះ គឺជាទង្វើទុច្ចរិតយកទៅបង្កើតមានមាតិកា ឬព័ត៌មានក្លែងក្លាយបំភ្លៃការពិតដែលនាំឱ្យមហាជនមានការភ័ន្តច្រឡំ»។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមថា៖ «ករណីនេះវាមិនដូចការបង្ហោះរបស់អ្នករកស៊ីតាមបណ្តាញអនឡាញមួយចំនួនដែលកាត់តភ្ជាប់ទៅជាមួយករណីឃាតកម្មដ៏ក្រក្រើនមួយ គឺឧក្រិដ្ឋជន ស្រី ស៊ីណា យកមកធ្វើផ្សព្វផ្សាយនោះទេនាំឱ្យមានការភ័ន្តច្រឡំ។ ចំពោះវិធានមួយដែលអគ្គនាយកដ្ឋានពន្ធលើកនេះគ្រាន់តែសិក្សា ឬឧទាហរណ៍ពីបណ្តាប្រទេសដែលជឿនលឿនលើពិភពលោកប៉ុណ្ណោះ មិនមែនមានន័យថានៅប្រទេសកម្ពុជាកំពុងអនុវត្តហើយក៏មិនទាន់មានគម្រោងដល់កម្រិតហ្នឹងដែរ»។

អ្នកនាំពាក្យរងរូបនេះ បានបញ្ជាក់ថា៖ សម្រាប់ពន្ធនាគារនាពេលបច្ចុប្បន្ននេះ មានអ្នកត្រូវជាប់ឃុំច្រើនជាងអ្នកដែលត្រូវដោះលេង ឱ្យនៅក្រៅឃុំទើបធ្វើឱ្យស្ថានភាពក្នុងពន្ធនាគារត្រូវទ្រោលសភាពគារណ៍ គឺមានការចង្អៀតណែតបន្តិច ហេតុដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃកំពុងគិតគូរដោះស្រាយធ្វើយ៉ាងម៉េចឱ្យស្ថានភាពក្នុងពន្ធនាគារមានភាពទូលាយ ទាំងសោភ័ណភាព សុខភាព និងអ្វីៗផ្សេងទៀត បូករួមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញដល់អ្នកត្រូវជាប់ឃុំផងដែរ»៕