2024-05-27 09:05
223

ភ្នំពេញ៖ ក្រៅពីដើមឈើប្រណិត និងដើមឈើលម្អ ក្នុងនោះ អាជ្ញាធរជាតិអប្សរា ក៏បាននិងកំពុងបណ្ដុះប្រភេទ រុក្ខជាតិត្នោត ដើមរាំង ដើមស្ដៅ និងដើមអំពិលផងដែរ ដ្បិតរុក្ខជាតិទាំងនេះមានភាពធន់នឹងទឹក និងអាកាសធាតុ ដែលអាចឱ្យគេយកទៅដាំដុះនៅជើងទំនប់ និងទីទំនាបលិចទឹកបាន។
   លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា៖ «ច្រើនឆ្នាំមកហើយ ដែលអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមបណ្ដុះរុក្ខជាតិត្នោត និងដើមរាំង ជាដើម ដើម្បីទុកដាំនៅតាមជើងទំនប់បុរាណ ទំនប់ធ្វើថ្មី និងតាមបារាយណ៍ ជាដើម ព្រោះរុក្ខជាតិទាំងនោះ ងាយស្រួលថែរក្សា ហើយធន់នឹងអាកាសធាតុ។ តួយ៉ាងដូចជាដើមរាំង រុក្ខជាតិនេះមានភាព លូតលាស់លឿនពេលដាំនៅតាមជើងទំនប់ជិតទឹក ហើយវាក៏អាចរស់នៅក្នុងទឹករយៈពេលយូរដល់ទៅ ៦ខែ ឬលើសនេះក៏មាន ដោយមិនបារម្ភខ្លាចងាប់ឡើយ»។ 
ជាក់ស្ដែង តាមការបញ្ជាក់ពីលោក ញ៉ែម រស្មី អាជ្ញាធរជាតិអប្សរា បានដាំដើមរាំង និងត្នោតជិត ២ពាន់ដើម នៅម្ដុំសំណង់ទ្វារទឹកតាសោម ដែលបច្ចុប្បន្នពួកវាមានភាពលូតលាត់ល្អ និងមានអាយុចន្លោះ ៥ឆ្នាំ ទៅ១០ឆ្នាំ។
   ក្រៅពីជួយការពារជើងទំនប់មិនឱ្យហូរច្រោះដី ក្នុងនោះប្រភេទរុក្ខជាតិខាងលើ ក៏មានអត្ថប្រយោជន៍ សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ។ ដូចជាដើមរាំង ដើមស្ដៅ និងដើមអំពិល ពលរដ្ឋអាចអាស្រ័យផលដោយបេះធ្វើជាបន្លែសម្រាប់បរិភោគ សម្រាប់លក់ និងធ្វើជាឱសថផងដែរ។ 
លោក ញ៉ែម រស្មី បញ្ជាក់ថា៖ «ការបង្កើនការដាំត្នោត ជាផ្នែកមួយជួយលើកកម្ពស់រុក្ខជាតិតំណាងជាតិ និងរួមចំណែកអភិរក្សរុក្ខជាតិនេះកុំឱ្យបាត់បង់ផង»។ 
សូមជម្រាបថា ស្ថានីយបណ្ដុះកូនឈើក្រាំងក្រូច ជាទីតាំងដែលអាជ្ញាធរជាតិអប្សរា ប្រើប្រាស់សម្រាប់បណ្ដុះប្រភេទ ដើមត្នោត ដើមរាំង ដើមស្ដៅ ដើមអំពិល និងដើមរុក្ខជាតិដទៃទៀត សរុប ១៥ប្រភេទ។ 
គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០១៤ មក អាជ្ញាធរជាតិអប្សរា បានដាំដើមរាំងសរុបប្រមាណ ៣ម៉ឺនដើម និងដើមត្នោតប្រមាណ ៥ពាន់ដើម។ ចំនួននេះមិនរាប់បញ្ចូលការដាំរុក្ខជាតិផ្សេងៗទៀតទេ។ តាមរបាយការណ៍ ក្នុងឆ្នាំ២០២៣កន្លងទៅ អាជ្ញាធរជាតិអប្សរាបានដាំកូនឈើ ក្នុងឧទ្យានអង្គរ ជិត៣ម៉ឺនដើម និងជាង ២លានដើម គិតពីឆ្នាំ២០០៤មក៕