2024-06-01 05:06
288

ភ្នំពេញ៖ ក្រោយមានប្រតិបត្តិការចុះបង្ក្រាបតាមហាងលក់ទូរសព្ទដៃប្រមូលយកទាំងចាស់ ទាំងថ្មី និងទូរសព្ទខួចពីសំណាក់ក្រុមមន្ត្រីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ឬហៅថា គយចល័តតំបន់៦ សង្កេតឃើញថា ហាងលក់ទូរសព្ឌដៃមួយចំនួនបានបិទទ្វាមកលក់-ដូរ ព្រោះខ្លាចក្រុមមន្ត្រីគយចុះបង្ក្រាប។

ការចុះបង្ក្រាបរបស់កម្លាំងសមត្ថកិច្ចចម្រុះការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅតាមទីតាំងលក់គ្រឿងអេឡិចត្រូនិក នៅផ្សារមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរកឃើញទំនិញអត់ពន្ធជាច្រើន ពិសេស ទូរសព្ទដៃមិនថាចាស់ ថ្មី ឬខួចប្រើមិនកើតទេ គឺគយដកហូតទាំងអស់ នាំឲ្យមហាជនផ្ទុះការរិះគន់យ៉ាងខ្លាំង។

ក្រោយមានការចុះបង្ក្រាបហាងទូរសព្ទពីសំណាក់មន្ត្រីគយចល័តតំបន់៦ បែបនេះសង្កេតឃើញថា តាមហាងលក់ទូរសព្ទភ័យខ្លាចនាំមិនហ៊ានបើកទ្វារកស៊ីទេ ព្រោះខ្លាចស្ងាត់លោកគយចុះទៅដល់ប្រមូលយកអស់ ដើម្បីឲ្យទៅបងពន្ធជួនរដ្ឋ។

សូមជម្រាបថា ការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ដឹកនាំដោយលោក ព្រាប គារ៉ាត ហៅគយសិទ្ធ ជាប្រធាន បានដឹកនាំកម្លាំង សហការជាមួយកងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្ត្រីកងរាជអាវុធហត្ថខេត្ត កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងអាជ្ញាធរមូលដ្ឋាន ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តត្បូងឃ្មុំ បានចុះទៅឆែកឆេរទីតាំងលក់ទូរសព្ទទំនើប ទីតាំងលក់ប្រេងម៉ាស៊ីន និងទីតាំងលក់គ្រឿងអគ្គិសនី សរុបចំនួនប០៥ទីតាំង ស្ថិតនៅក្នុងភូមិម៉ាស៊ីនទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរកឃើញទំនិញដាក់តាំងលក់ដែលអត់ពន្ធជាច្រើនគ្រឿង និងជាច្រើនតោន ។

 ក្នុងប្រតិបត្តិការនេះ កម្លាំងគយបានធ្វើការដកហូតទំនិញគេចពន្ធ រួមមាន៖ ទូរសព្ទដៃ ចំនួន ១ ៣០០គ្រឿង, ប្រេងម៉ាស៊ីនចម្រុះ ចំនួន ១៨៨កេះ (ស្មើនឹង៣,៦៥២គីឡូក្រាម), គ្រឿងអគ្គសនីចម្រុះ ទម្ងន់ ៤,៤០០គីឡូក្រាម ដោយគ្មានបិទត្រាពន្ធគយឡើយ និងគ្មានឯកសារបញ្ជាក់ប្រភពពន្ធនាំចូលជាដើម។

 បន្ទាប់មានការចុះផ្សាយជុំវិញករណីដ៏រសើបសកម្មភាព ក្រុមមន្ត្រីគយចល័តតំបន់៦ បង្ក្រាប និងរឹបអូសទូរសព្ទដៃមិនថាចាស់ ថ្មី ឬខួចនោះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបំភ្លឺថា៖ ប្រតិបត្តិការចុះបង្ក្រាបនោះ គឺអនុលោមតាមមាត្រា ៨ នៃច្បាប់ស្ដីពីគយជាធរមាន, ប្រកាសលេខ ៣៨៩ សហវ.គរ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ប្រកាសលេខ ៧៣៥ សហវ.គរ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មុខទំនិញ ទូរសព្ទ ត្រូវបានចាត់ជា ទំនិញកំណត់ពិសេស ដែលជាកម្មវត្ថុនៃការបិទត្រាពន្ធគយ។ 

 អគ្គនាយកដ្ឋានគយ បានបញ្ជាក់ថា៖ «ការចុះធ្វើអនុលោមភាព នៅតាមទីតាំងអាជីវកម្មដ្ឋានខាងលើ មន្ត្រីគយ និងរដ្ឋាករ មានសមត្ថកិច្ចពិនិត្យឃើញថា មានទូរសព្ទស្មាតហ្វូនថ្មី ចំនួន ៣៥៦គ្រឿង និងទូរសព្ទប្រើរួច ចំនួន ៩៥៥គ្រឿង ពុំមានបិទត្រាពន្ធគយ និងពុំមានឯកសារបញ្ជាក់ពីប្រភពស្របច្បាប់»

 ក្រោយការឹបអូសទូរសព្ទទាំងអស់នេះ ត្រូវបាននាំយកមកថែរក្សាទុកជាបណ្តោះអាសន្ននៅទីតាំងឈរជើង របស់ការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ស្ថិតនៅភូមិហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយទៅតាមនីតិវិធី។ ចំពោះទូរសព្ទប្រើរួចដែលត្រូវបានរកឃើញថា ជាទំនិញទិញដូរក្នុងស្រុក នោះអង្គភាពគយ និងរដ្ឋាករមានសមត្ថកិច្ចនឹងប្រគល់ជូនម្ចាស់វិញ។

 ពាក់ព័ន្ធនឹងចម្ងល់របស់សាធារណជនពាក់ព័ន្ធកាតព្វកិច្ចពន្ធ និងអាករនាំចូលលើទូរសព្ទ ប្រភេទ “Nokia ចុចពិល” ដោយមានការលើកឡើងថាទំនិញនេះត្រូវបង់ពន្ធ និងអាករនាំចូលដល់ទៅ ៩៣ដុល្លារអាម៉េរិក ក្នុងមួយគ្រឿងនោះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា៖ «មុខទំនិញទូរសព្ទមានពន្ធ និងអាករនាំចូល ១៥,៥% ហើយកន្លងមក ការប្រកាសនាំចូលមានតម្លៃ ៥ USD/គ្រឿង។ ហេតុដូច្នេះ ពន្ធ និងអាករ ដែលត្រូវបង់ គឺ ៥x១៥,៥%= ០,៧៧៥ USD/គ្រឿង តែប៉ុណ្ណោះ មិនមែន ៩៣ ដុល្លារអាម៉េរិក ដូចមានការលើកឡើងមួយចំនួនឡើយ»