2024-05-25 10:05
192

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា៖ អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ដូចជាប្តី ឬប្រពន្ធ និងកូន ក៏អាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បានដែរ ដោយចំណាយត្រឹមតែ ១៥ ៦០០រៀលប៉ុណ្ណោះ ក្នុង១ខែ នោះនឹងទទួលបានការថែទាំសុខភាពពេញ ២៤ម៉ោង លើ២៤ម៉ោង នៅគ្រប់មន្ទីរពេទ្យ ដែលជាដៃគូ ប.ស.ស. ទូទាំងប្រទេស រួមទាំងប្រាក់ឧបត្ថម្ភផងដែរ។ 

 សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសរសេរបញ្ជាក់យ៉ាងដូច្នេះ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្តេចផ្ទាល់តែម្តង។ 

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរបញ្ជាក់ឲ្យដឹងថា៖ ដើម្បីអាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. ត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖ 

  - សហព័ទ្ធ (ប្តី ឬប្រពន្ធ)៖ ភ្ជាប់មកនូវសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្តីចម្លងសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។ 

  - កូនក្នុងបន្ទុក៖ ភ្ជាប់មកនូវសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើតនិង/ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។ 

 សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងទៅកាន់លេខ ១២៨៦៕