2024-09-01 01:09
138

ភ្នំពេញ៖ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ដែល​ដណ្តើម​បាន​ជ័យជម្នះ​ក្នុង​​​ប្រកួត​ទី២ ​លើ​ក្រុម​ជម្រើស​ជាតិ​ឡាវ ក្នុង​លទ្ធផល ៣​សិត​ទល់០​សិត នៃ​ពានរង្វាន់​បាល់ទះ​ SAMDECH​ MOHA​ BORVOR​ THIPADEI​-2024 SEA​ V​ LEAGUE​ CHALLENG នា​រាត្រី​ថ្ងៃ​សៅរ៍ ទី​៣១ ខែសីហា ឆ្នាំ២០២៤ នេះ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ (ស្តាតឣូឡាំពិក) រាជធានី​ភ្នំពេញ។

តាម​រយៈ​ជ័យជម្នះ​នេះ​ បាន​ធ្វើ​​ឱ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា កាន់​តែ​មាន​ឱកាស​​ខ្ពស់​ក្នុង​ការ​សន្សំ​ពិន្ទុ​ឡើង​ទៅ​​ប្រកួត​បន្ត​ក្នុង​ពានរង្វាន់ 2025 SEA​ V​ LEAGUE ខាង​មុខ។ យ៉ាងណាក្តី​យើង​នៅ​សល់​១​ប្រកួតក្នុងដៃ ដោយ​ត្រូវ​ប៉ះ​ក្រុម​សិង្ហបុរី នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ទី១ ខែកញ្ញា ឆ្នាំ​២០២៤ ស្អែក​នេះ។ 

គិត​ត្រឹម​ពេល​នេះ ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា នៅ​មាន​ឱកាស​ក្នុង​ដៃ ទាំង​​កៅអី​ពានរង្វាន់ 2025 SEA​ V​ LEAGUE និង​ជា​បេក្ខភាព​ក្នុង​ការ​ដណ្តើម​ប្រាក់​រង្វាន់​សម្តេច​បវធិបតី SAMDECH​ MOHA​ BORVOR​ THIPADEI​ -2024 SEA​ V​ LEAGUE​ CHALLENG នៅ​ថ្ងៃ​ចន្ទ សប្ដាហ៍​ក្រោយ។ ជ័យជម្នះបានមកពីការខិតខំប្រឹងប្រែងរបស់ ​ក្រុម​ការងារ​គ្រូ​បង្វឹក កីឡាករ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​ជូនជាតិ​មាតុភូមិ​ជា​បន្តបន្ទាប់។

​សម្រាបការប្រកួតនេះ ក្រុម​ការងារ​គណៈកម្មការ​បច្ចេកទេស អាជ្ញាកណ្ដាល មន្រ្តី​របស់​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ដែល​រួម​គ្នា​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រចាំ​ព្រឹត្តិការណ៍​តំបន់​អាស៊ាន មួយ​នេះ​ដំណើរការ​ដោយ​រលូន។ 

ជាមួយ​គ្នា​នេះ​ដែរ​ បងប្អូនជនរួមជាតិ ពិសេសអ្នកស្នេហាវិស័យកីឡាបាល់ទះ បន្តជួយលើកទឹកចិត្តដល់កីឡាករ មកពី ចំនួន ០៤ ប្រទេស ដែលរួមមាន ៖ កម្ពុជា ឡាវ ម៉ាឡេស៊ី និងសិង្ហបុរី ដែល​ត្រូវ​ប្រកួត​នៅ​សល់​ ២ថ្ងៃ ថ្ងៃ​ខាង​មុខ​ទៀត សូមចូលរួមឱ្យ​បាន​ច្រើន​កុះករ៕