2024-06-03 03:06
167

ខេត្តប៉ៃលិន ៖ ព្រះគ្រូ ផាយ ឬទ្ធី ព្រះគ្រូចៅអធិការវត្តអូរអិល បានរៀបចំពិធីសូត្រមន្ត ក្រុងពលី និងដង្ហែផ្កា អភិសេកបើកព្រះនេត្រព្រះអង្គធំដែលមានទទឹង ១០ម៉ែត្រ កម្ពស់ ១៥ម៉ែត្រ ដែលបានចំណាយថវិកាកសាងអស់ជាច្រើនដែលជាការចូលរួមតាមសទ្ធាពីពុទ្ធបរិស័ទ្ធគ្រប់ទិសទី។ ជាពិសេសចាប់តាំងពីផ្តើមកសាងគ្រឹះនិងព្រះអង្គធំនេះលោកជំទាវ ស៊ុំ ហៀងពុទ្ធសាសននូបត្ថម្ភខេត្តប៉ៃលិន និងក្រុមគ្រួសារបានមានសទ្ធាជ្រះថ្លាចូលរួមជួយបច្ច័យកសាងសមិទ្ធផលនានាក្នុងវត្តគិតជាទឹកប្រាក់ប្រមាណជា ១ម៉ឺនដុល្លារផងដែរ និងមានការចូលរួមពីពុទ្ធបរិស័ទ្ធជិតឆ្ងាយទាំង ២៥រាជធានីខេត្ត លោកយាយលោកតាយ៉ាងច្រើនកុះករ និងញាតិញោមមកពីក្រៅប្រទេសទៀតផង។

 លោកជំទាវ ស៊ុំ ហៀង បានលើកឡើងថា៖ ទាំងនេះគឺជាសមិទ្ធផលថ្មីមួយដែលកើតចេញពីការដឹកនាំកសាង របស់ព្រះគ្រូចៅអធិការវត្ត រួមទាំងកម្លាំងសទ្ធាជ្រះថ្លារបស់បងប្អូនពុទ្ធបរិស័ទប្រជាពលរដ្ឋទីជិតឆ្ងាយ ដែលបានចំណាយនូវថវិកាធនធាន ដើម្បីចូលរួមសាងនូវសមិទ្ធផលនានាទាំងអស់នេះឡើង ដើម្បីទុកជាប្រយោជន៍ក្នុងព្រះពុទ្ធសាសនា ដែលជាផ្នែកមួយក្នុងការពង្រឹងនៃអាយុកាលព្រះពុទ្ធសាសនាគ្រប់ ៥ ពាន់ ព្រះវស្សា។

 ព្រះគ្រូ ផាយ ឬទ្ធី ព្រះគ្រូចៅអធិការវត្តអូរអិល មានថេរដីការក្នុងឱកាសនោះផងដែរ ពិធីអភិសេកបើកព្រះនេត្រព្រះអង្គធំគឺជាការឆ្លងនូវសទ្ធាជ្រះថ្លារបស់បងប្អូនពុទ្ធបរិស័ទប្រជាពលរដ្ឋជិតឆ្ងាយដែលបានចំណាយនៅថវិកាធនធានផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកក្នុងការកសាង នៅសមិទ្ធផលនានា ក៏ដូចជាព្រះពុទ្ធទ្រង់ប្រោសសត្វដ៏ធំមួយនេះឡើង គឺដើម្បីទុកជាប្រយោជន៍រួមនៅក្នុងព្រះពុទ្ធសាសនា សម្រាប់ជាទីសក្ការបូជា នៃពុទ្ធបរិស័ទជិតឆ្ងាយដែលគាត់អញ្ជើញមកចូលនៅក្នុងទីអារាមមួយនេះ។
,ស សារឿន