2024-06-03 02:06
183

កំពង់ស្ពឺ៖ រោងចក្រកែច្នៃផលិតផលអំពីផ្លែស្វាយមួយកន្លែង យីហោ «សាន់ផ្លាស់អ៊ីង អ៊ិនធើណេសិនណល ឯ.ក» បានបង្ហូរកាកសំណល់ និងទឹកក្រខ្វក់ចូលប្រឡាយទឹកសារណៈរបស់រដ្ឋ ធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ចំនួន ០៥ភូមិ និងបរិស្ថានយ៉ាងខ្លាំង។

 តំណាងប្រជាពលរដ្ឋ ចំនួន ០៥ភូមិ ដែលរងផលប៉ះពាល់អំពីបញ្ហាបរិស្ថានក្រខ្វក់ ដែលបញ្ចេញដោយរោងកែច្នៃផលិតផលBIផ្លែស្វាយខាងលើ បានលើកឡើងថា៖ រោងចក្រ សាន់ផ្លាស់អ៊ីង អ៊ិនធើណេសិនណល ឯ.ក បានបង្ហូរកាកសំណល់រាវចេញពីរោងចក្រឱ្យចូលមកតាមប្រឡាយបានជះក្លិនស្អុយភូមិបង្កផលប៉ះពាល់ដល់សុខភាព ធ្វើឱ្យប្រជាពលរដ្ឋពិបាករសនៅយ៉ាងខ្លាំង។ ចំពោះភូមិពួកគាត់ដែលរងការប៉ះពាល់ទាំង ០៥ភូមិ រួមមាន៖ ភូមិព្រៃពង្រ, កប់ចិន, ទួលធ្យុង, ត្រពាំងឬស្សី និងបុរី សៀងហុង បានទទួលរងផលប៉ះពាល់ពីក្លិនស្អុយជាយូមកហើយ និងស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរ និងមន្ត្រីជំនាញជួយពិនិត្យមើលរោងចក្រផលិតស្វាយមួយនេះផង។ 

 ពាក់ព័ន្ធករណីរោងចក្រផលិតស្វាយបង្ករការប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់អ្នកភូមិនេះ កន្លងមកអាជ្ញាធរធ្លាប់បានចុះទៅណែនាំរួមហើយដោយម្ចាស់រោងចក្រសន្យាថានឹងពន្លឿនធ្វើការរៀបចំឱ្យប្រសើរឡើងវិញ ទុកដាក់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងមិនបង្ហូរទឹកជាកាកសំណល់ចេញមកក្រៅទៀតទេ ជាពិសេស ដាក់ថ្នាំដើម្បីបំបាត់ក្លិនមិនឱ្យស្អុយ ប៉ុន្តែការសន្យាបានត្រឹមសន្យាគ្មានប្រសិទ្ធភាពឡើយ។

 លោក ចាន់ថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចាត់មន្ត្រីជំនាញឱ្យសហការជាមួយគណបញ្ជាការឯកភាពខេត្ត ស្រុកចុះពិនិត្យ និងដោះស្រាយបន្ទាន់ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤នេះ ប៉ុន្តែមិនទាន់ដឹងពីលទ្ធឡើយ។

 ករណីដែលក្លិនស្អុយចេញពីរោងចក្រដំណាប់ស្វាយ សាន់ផ្លាស់អ៊ីង អ៊ិនធើណេសិនណល ឯ.ក កើតមានច្រើនជាច្រើនខែកន្លងមកហើយ បង្កក្លិនស្អុយដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរឆ្លងកាត់ ហើយទឹកស្វាយដែលហូរចូលទៅប្រឡាយបង្ករឱ្យមានផលប៉ះពាល់ជីវៈចម្រុះនៅក្នុងទឹកពុលស្លាប់ផងដែ៕