2024-05-30 03:05
174

កណ្តាល ៈ ជនសង្ស័យ៣នាក់ បន្ទាប់ពីបាញ់មាន់អ្នកស្រុកយកទៅធ្វើម្ហូបក្លែម បានម្តងញ៉ាម ស្អែកឡើងនាំគ្នាទៅបាញ់ម្តងទៀត សំណាងមិនល្អត្រូវអ្នកជិតខាងឃើញទាន់ក៏ប្តឹង  សមត្ថកិច្ចឲ្យឃាត់ខ្លួនកាលពីវេលាម៉ោងជាង ៣រសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចមុខផ្ទះជនរងគ្រោះស្ថិតនៅភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្ត  កណ្តាល ។

 តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់ខាងលើនេះ ទី១-ឈ្មោះ យ៉ាន់ កណ្ណិកា ហៅមុក ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ២ឆ្នាំ ៦ខែ ពាក់ព័ន្ធនឹងគ្រឿងញៀន, ទី២-ឈ្មោះ ដា ចាន់ឌី ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ១លើក រយៈពេល ៦ខែ ពាក់ព័ន្ធនឹងគ្រឿងញៀន និងទី៣-ឈ្មោះ អេម សុនសម័យ ហៅដំ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យទាំង ៣នាក់នេះ សុទ្ធតែមានផ្ទុកសារធាតុញៀនដូចគ្នា ។ចំណែកជនរងគ្រោះជាម្ចាស់មាន់មានឈ្មោះ គៀ វណ្ណធឿន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

 មុនពេលកើតហេតុជនសង្ស័យទាំង៣នាក់ខាងលើនេះបានជិះម៉ូតូមួយគ្រឿងម៉ាក វ៉េវ ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1N-9872 ដោយមានកាន់ជំពាមកៅស៊ូជាប់ដៃ បានទៅបាញ់មាន់របស់ជនរងគ្រោះ ខណៈនោះស្រាប់តែអ្នកជិតខាងឃើញទាន់ក៏បានស្រែកឆោឡោ និងប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនបានទាំង៣នាក់តែម្តង ។

 នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួចបាញ់មាន់របស់ជនរងគ្រោះពិតប្រាកដមែន ហើយកាលពីថ្ងៃទី២៧ ខែឧសភា ពួកគេក៏បានលួចបាញ់មាន់ជនរងគ្រោះបាន១ក្បាល យកធ្វើម្ហូបក្លែមផងដែរ។

 បន្ទាប់ពីសាកសួររួចជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជួនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ។