2024-05-17 07:05
160

ភ្នំពេញ៖ ឧក្រិដ្ឋជនជួញដូរគ្រឿងប្រុស-ស្រី ចំនូន ០២នាក់ ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការនគរបាលជាតិចាប់ខ្លូន និងរឹបអូសគ្រឿងញៀនជាង ០២គីឡូក្រាម។
ប្រតិបត្តិការនេះ ធ្វើឡើងនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី អាំ សុជាតិ នាយកមន្ទីរ សហការជាមួយស្នងការរាជធានីភ្នំពេញ មានការដឹកនាំសម្របសម្រួលដោយ លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈាន ទៅបង្ក្រាបករណីរក្សារទុក ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុច បុរីជ័រឧត្តម បន្ទប់ជួល ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជាលទ្ធផលសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ មានឈ្មោះ ម៉ែន ប្រុសពៅ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ញឹក ពៅ ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ។ ចំណែកវត្ថុតាងគ្រឿងញៀន ចាប់យក ប្រភេទ អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ២ ០៣៥.៩៥ ក្រាម, ប្រភេទមេតំហ្វេតាមីន (WY) ទម្ងន់៤.១៥ក្រាម, ប្រភេទកេតាមីន (KETAMINE) ទម្ងន់១១.២០ក្រាម (គ្រឿងញៀន សរុបមានទម្ងន់ ២គីឡូ និង៥១.៣០ក្រាម)។
  ការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនខាងលើ គឺអនុវត្តតាមបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និង ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀនតែម្តង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមបន្តនីតិវិធី៕