2024-08-31 11:08
53

ភ្នំពេញ៖ ជាការឆ្លើយតមទៅនឹងការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ការបំភ្លៃការពិតរបស់បុគ្គលជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា៖ «កិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ជាតិ គឺជាសិទ្ធិ និងករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប ហើយរាជរដ្ឋាភិបាលតែងបានចាត់ទុកការងារនេះ ជាភារកិច្ច និងកាតព្វកិច្ចជាអាទិភាពដ៏សំខាន់បំផុត ជាអាយុជីវិតរបស់ជាតិ និងតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីទទួលខុសត្រូវខ្ពស់បំផុត ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនមួយដែលមានភាពច្បាស់លាស់ ត្រឹមត្រូវ ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយប្រទេសជិតខាង និងធានាឱ្យបានដាច់ខាតថា បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា នឹងមិនបាត់បង់ឡើយ សូម្បីតែមួយម៉ែត្រក្រឡា»។

ឯកឧត្តម នេត្រ ភក្ត្រា បានសរសេរបញ្ជាក់បន្ថែមថា៖ «យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បន្តដឹកនាំ និងអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នៅពេលនេះ សំដៅកសាងខ្សែបន្ទាត់ព្រំដែនមួយច្បាស់លាស់ ជាមួយប្រទេសជិតខាងទាំងព្រំដែនគោក និងព្រំដែនសមុទ្រ ក្នុងគោលដៅរក្សាឱ្យបានផ្ទៃដី ១៨១ ០៣៥ គ.ម២ ដើម្បីទុកជាមរតកសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាជានិច្ចនិរន្តរ៍»។ 

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «ក្នុងការបោះបង្គោលខណ្ឌសីមាព្រំដែនដែលជាបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ គេមិនដែលដេកស្រម៉ៃ និងយកផែនទី google map មកប្រើនោះទេ ហើយក៏មិនមែនមើលលើ google map ដើម្បីវាយតម្លៃ និងកំណត់បង្គោលព្រំដែនដែលបានបោះនៅលើដីនោះដែរ។ ការយកផែនទី google map មកប្រៀបធៀប និងបកស្រាយពីបង្គោលព្រំដែនជាការបង្កើតឱ្យមានការយល់ច្រឡំក្នុងបំណងទុច្ចរិត»។ 

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការបោះបង្គោលព្រំដែនដែលត្រឹមត្រូវ និងស្របតាមបច្ចេកទេសត្រូវឈរលើ៖
ទី១- ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនត្រូវផ្អែកលើផែនទីជាមូលដ្ឋាន គឺផែនទីបូនខ្នាត ១/១០០ ០០០របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិនបារាំងដែលសម្តេចព្រះ នរោត្តម សីហនុ បានយកទៅតម្កល់នៅអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៦៤ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។

ទី២- ឈរមូលដ្ឋាននិយាមការដែលបានកំណត់ និងបរិយាយលម្អិតនៅក្នុងពិធីសា ស្តីពី ការបរិយាយខ្សែព្រំដែន និងបង្គោលព្រំដែនដែលប្រទេសទាំងបានឯកភាពគ្នា។
ទី៣- មុននឹងធ្វើការបោះបង្គោលព្រំដែននៅលើដីជាក់ស្តែង ត្រូវឆ្លងកាត់នីតិវិធីបច្ចេកទេសលម្អិតដែលធ្វើឡើងដោយក្រុមបច្ចេកទេសចម្រុះព្រំដែន នៃភាគីទាំងពីរ ដោយមិនមានការលម្អៀងសូម្បីតែមួយមិល្លីម៉ែត្រឡើយ។

«ដូច្នេះការដែលយកផែនទី google map ឬផែនទីដែលបានមកពីប្រភពផ្សេងៗមកបកស្រាយពីខ្សែបន្ទាត់ព្រំដែននិងការបោះបង្គោលព្រំដែន មិនត្រឹមត្រូវ និងមិនអាចយកជាការបានឡើយ»។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់បន្ថែម។ 

សូម្បីបញ្ជាក់ថា កន្លងមក ប្រទេសមួយចំនួននៅលើពិភពលោករួមទាំងកម្ពុជាផង បានធ្វើការតវ៉ាទៅ ក្រុមហ៊ុន google អំពីការបង្ហោះផែនទីដែលមិនស្របនឹងផែនទីកំណត់ព្រំដែនរដ្ឋនៃប្រទេសទាំងនោះ។ ម្យ៉ាងទៀត, ក្នុងការងារកំណត់ព្រំដែនរវាងរដ្ឋ និងរដ្ឋ គេមិនអាចយកផែនទី google map មកធ្វើជាមូលដ្ឋានវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនបានជាដាច់ខាត។ ដូច្នេះ សូមបងប្អូនកុំមានការយល់ច្រឡំ ជឿលើការបំភ្លៃរបស់បុគ្គលជ្រុលនិយមមួយក្តាប់តូច៕