2024-05-27 09:05
141

ភ្នំពេញ៖ លោកបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាការ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ជាតំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គប្រកួតជម្រុះយក ១០ក្រុម នៃកម្មវិធីយុវជន ២១ (Youth21) ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅថ្ងៃទី២៧-២៨ ខែឧសភា ឆ្នាំ២០២៤ នៅអគារ Kampus ដែលមានអ្នកចូលរួម ចំនួន ៣៥០នាក់។
   កម្មវិធីយុវជន២១ ឆ្នាំ២០២៤ មានបេក្ខជន ចំនួន ២៧ក្រុម មកពីសាកលវិទ្យាល័យ វិទ្យាស្ថានរដ្ឋ និងឯកជនចូលរួម ដែលបាន និងកំពុងប្រព្រឹត្តទៅចាប់ពីខែកុម្ភៈ ដល់ខែកញ្ញា ឆ្នាំ២០២៤ ចែកចេកជា ៦វគ្គ ក្រោមប្រធានបទ “Technopreneurship: The Startup Seed”។ 
   កម្មវិធីយុវជន២១ រៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍសមត្ថភាព និងប្រែក្លាយយុវជនកម្ពុជា ឱ្យមានជំនាញ និងបំណិនសតវត្សរ៍ទី២១ អាចប្រើប្រាស់បច្ចេកវិទ្យាក្នុងការដោះស្រាយបញ្ហា តាមរយ:ការរៀបចំផែនការអាជីវកម្មបែបឌីជីថល ចូលរួមវគ្គបណ្តុះបណ្តាល ការប្រកួតជម្រុះ និងការប្រកួតដណ្តើមជ័យលាភី៕