2024-06-28 10:06
204

ព្រៃវែង៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ ជាខួបទី៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) ។ ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅជាមួយប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងឯកឧត្តម សួន សុម៉ាលីន អនុប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែងព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាយ៉ាងច្រើនកុះករ។ 

ឯកឧត្ដម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាបានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាមួយនេះ គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ 

ឯកឧត្ដម ប្រធានគណៈកម្មាធិការគណបក្សខេត្ត បន្តថាគណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍន៍ជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត។ 
ឯកឧត្ដម ប្រធានគណៈកម្មាធិការគណបក្សខេត្ត បន្ថែមថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ ជាថ្ងៃគម្រប់ខួប ៧៣ឆ្នាំ នៃការបង្កើតគណបក្ស ប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ មានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជាប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។ ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ក្នុងការ បម្រើបុព្វហេតុដ៏ឧត្តុង្គឧត្តមបំផុតរបស់ជាតិ និងប្រជាជន ឆ្លងកាត់ដំណាក់កាលធំៗរបស់ ប្រទេសជាតិប្រកបដោយវីរភាព គឺការតស៊ូប្រយុទ្ធដើម្បីឯករាជ្យជាតិ, ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការតស៊ូរំដោះជាតិ, ការសង្គ្រោះជាតិពីរបបប្រល័យពូជ សាសន៍, ការការពារ ស្តារ និងកសាងប្រទេសឡើងវិញ និងការថែរក្សាសន្តិភាព ប្រឆាំង បដិវត្តន៍ពណ៌ និងការអភិវឌ្ឍ។ 

ឯកឧត្ដម ប្រធានគណៈកម្មាធិការគណបក្សខេត្ត បន្ថែមថា យើងជួបជុំគ្នាប្រារព្ធពិធីដ៏ឱឡារិកនេះឡើង ក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះបុព្វការីជន ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស យុទ្ធជន យុទ្ធនារី និងអ្នក ស្នេហាជាតិគ្រប់ៗជំនាន់ ដែលបានតស៊ូពុះពារធ្វើពលិកម្មយ៉ាងធំធេងដើម្បីប្រទេសជាតិនៅ គ្រប់ដំណាក់កាល ដែលធ្វើឱ្យកម្ពុជាស្ថិតស្ថេរគង់វង្ស និងមានអ្វីៗនៅថ្ងៃនេះ។ យើងទាំងអស់ គ្នាចងចាំជានិច្ចនូវវីរភាពដ៏ថ្លៃថ្លានេះ ហើយប្តេជ្ញាយកអស់កម្លាំងកាយ កម្លាំងចិត្ត បន្តថែរក្សា រាល់សមិទ្ធផលរបស់ជាតិឱ្យគង់វង្សស្ថិតស្ថេរជារៀងរហូត។ ខួបអនុស្សាវរីយ៍នៃថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជាឆ្នាំនេះ ក៏បានប្រព្រឹត្តឡើងក្នុងបរិការណ៍ដែលកម្ពុជាសម្រេចបាន សមិទ្ធផលធំៗថ្មីៗទៀតលើគ្រប់វិស័យ និងបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ បានប្រព្រឹត្តទៅដោយជោគជ័យ នៅដើមឆ្នាំ ២០២៤នេះ៕