2024-06-21 01:06
125

ព្រៃវែង : បច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា មានស្ថាប័នព័ត៌មានជាច្រើន ដែលកំពុងដំណើរការលើវិស័យព័ត៌មាន ប៉ុន្តែព័ត៌មានដែលបានចេញផ្សាយមួយចំនួន ហាក់សាបដូចទឹកទន្លេ ដោយសារតែព័ត៌មាននោះ គ្មានគុណភាព។

នេះគឺជាការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានថ្លែងនៅក្នុងពិធីជួបសំណេះសំណាល ជាមួយមន្ត្រីរាជការនៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានក្នុងខេត្តព្រៃវែងទាំង អស់ កាលពីរសៀលថ្ងៃទី 20 មិថុនា នៅក្នុងសាលប្រជុំនៃមន្ទីរព័ត៌មានខេត្តព្រៃវែង។

ឯកឧត្តម នេត្រ ភត្ត្រា បានបន្តទៀតថា ដើម្បីឲ្យព័ត៌មានរបស់យើង មានគុណភាព ច្បាស់លាស់ និងទុកចិត្តបាន អ្នកសារព័ត៌មានទាំងអស់ ត្រូវប្រើប្រាស់រូបមន្ត 5W H1 និងព្យាយាមប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងផ្សាយចេញ ហើយវាក៏អាចការពារខ្លួនជៀសផុតពីការចោទប្ដឹងនានាតាមផ្លូវច្បាប់ផងដែរ។

នៅក្នុងឱកាសនោះដែរឯកឧត្តម អន វីរៈ អភិបាល រងខេត្តព្រៃវែង បានលើកឡើងថា វិស័យព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ ដែលអាចផ្ដល់នូវចំណេះដឹង និងប្រយោជន៍ជាច្រើនដល់ប្រជាពល រដ្ឋ ប៉ុន្តែបើព័ត៌មានដែលផ្សាយចេញខ្វះការពិត វាបង្ករឲ្យមានការភាន់ច្រឡំ និងប៉ះពាល់ទៅដល់សង្គមក៏ច្រើនដែរ ដូច្នេះឯកឧត្តមស្នើសុំឲ្យអ្នកព័ត៌មានក្នុងខេត្តព្រៃវែងទាំងអស់ សូមទំនាក់ទំនងជាមួយនឹងមន្ត្រីពាក់ព័ន្ធ ប្រមូលព័ត៌មានឲ្យបានច្បាស់ មុននឹងធ្វើការផ្សព្វផ្សាយព័ត៌មានចេញ។

យោងតាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្ត ព្រៃវែង បានឱ្យដឹងថា បច្ចុប្បន្នក្នុងខេត្តព្រៃវែង មានអង្គភាពសារព័ត៌មាន ចំនួន៣៤អង្គភាព ក្នុងនោះគេហទំព័រមានចំនួន 18 អង្គភាព វិទ្យុចំនួន 8 ស្ថានីយ៍ និងភ្នាក់ងារទូរទស្សន៍ប្រចាំខេត្ត មានចំនួន 8ស្ថានីយ៍ទូរទស្សន៍។