2024-06-09 03:06
178

ខេត្តពោធិ៍សាត់: បុរសម្នាក់ជាអ្នកកសិករបានជាន់មីនសល់ពីសង្គ្រាមផ្ទុះដាច់ជើងម្ខាងនិងរបួសពេញផ្ទៃមុខគួរឱ្យរន្ធត់បំផុតខណៈកំពុងដើរបាញ់ស្មៅក្នុងដីចំការរបស់ខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង ៩និង០៧នាទីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ត្រង់ចំណុចដីចំការជនរងគ្រោះអូរកងឈ្លប ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
   លោក ឆ្លាំង មឿន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំថ្មដាបានឲ្យដឹងថា ជនរងគ្រោះនេះមានឈ្មោះ ស៊ុំ សុខប៊ន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរយកកសិករធ្វើស្រែកចំការ រស់នៅភូមិកើតហេតុខាងលើ ។ ដោយមុនពេលកើតហេតុ បានចេញពីផ្ទះតាំងពីព្រលឹមទៅដីចំការអូរកងឈ្លប រួចហើយក៏ចាប់ផ្ដើមបាញ់ស្មៅក្នុងដីចំការ រហូតដល់កន្លែងកើតហេតុវេលាម៉ោងខាងលើ ក៏បានជាន់គ្រាប់មីនប្រភេទស្មាច់ដែលសល់ពីសង្គ្រាម ផ្ទុះដាច់ជើងខាងស្ដាំ និងផ្ទៃមុខរបួសធ្ងន់ធ្ងរតែម្ដង។
   លោកនាយប៉ុស្តិ៍នរដ្ឋបាលគរបាលឃុំថ្មដាបន្តឲ្យដឹងទៀតថា ក្រោយពេលមានហេតុការណ៍កើតឡើងបែបនេះភ្លាមខាងប៉ុស្តិ៍រដ្ឋបាលយើងនិងកម្លាំងយោធាដែលការពារតាមព្រំដែនខ្មែរថៃប្រចាំការនៅទីនោះក៏បាន ជួយសង្គ្រោះជនរងគ្រោះដឹកតាមរថយន្តមកកាន់មណ្ឌលសុខភាពស្រុកវាលវែង ក៏ប៉ុន្តែជនរងគ្រោះរងរបួសធ្ងន់ធ្ងរពេក ក៍បន្តដំណើរដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពខេត្តពោធិ៍សាត់៕ លាន គ្រន