2024-09-06 01:09
47

កំពង់ស្ពឺ៖ បន្ទាប់ពីមានការលើកឡើងជាច្រើន របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងវេទិការសាធារណៈ អំពីបញ្ហាជះក្លិនស្អុយលាមកមាន់ចេញពីកសិដ្ឋានចិញ្ចឹមមាន់កសិកម្មមួយកន្លែង នៅក្បែរវត្តទួលសុរភី អាជ្ញាធរក្រុងឧដុង្គម៉ែជ័យ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញ បានចុះទៅពិនិត្យ និងណែនាំម្ចាស់ទីតាំង ចំនួន ០២ កន្លែងឱ្យរៀបចំកែលម្អបំបាត់ឱ្យបាននូវក្លិនស្អុយដែលនាំរំខាន និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋកក្នុងសហគមន៍។

អាជ្ញាធរបានចុះទៅណែនាំ និងធ្វើកិច្ចសន្យាជាថ្មីម្ដងទៀត ដែលទីតាំងទី១ ស្ថិតនៅលិចវត្តទួលសុរភី ក្នុងភូមិអង្គ្រង និង ទីតាំងទី២ ស្ថិតនៅខាងត្បូងវត្តទួលសុរភី ក្នុងភូមិត្រពាំងឈូក សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ 

សូមជម្រាបជូនថា ការចុះទៅណែនាំ និងធ្វើកិច្ចសន្យា ជាមួយម្ចាស់ទីតាំងកសិដ្ឋានចិញ្ចឹមមាន់យកពងទាំង២ទីតាំងខាងលើ វាមិនមែនទើបតែជាលើកទី១នោះទេ ប៉ុន្តែវាជារឿងដដែលជាច្រើនលើកច្រើនសារណាស់ទៅហើយ ដោយភាគីកសិដ្ឋានពុំដែលបានអនុវត្តតាមការណែនាំ និងការសន្យារបស់ខ្លួនឡើយ ពោលគឺតែងតែបង្កក្លិនស្អុយជាប្រចាំទៅលើសហគមន៍ រួមមាន វត្តទួលសុរភី សាលាបឋមសិក្សា និងអនុវិទ្យាល័យ ទួលសុរភី ភូមិអង្គ្រង ភូមិទួលតារា ភូមិប្រវឹកពង ភូមិត្រពាំងឈូក ភូមិប្រកិល ក្នុងភូមិសាស្ត្រសង្កាត់ព្រះ និងភូមិមួយចំនួនទៀត ក្នុងភូមិសាស្ត្រសង្កាត់ក្សេមក្សាន្ត និងខេត្តកណ្ដាល ផងដែរ។

ថ្លែងពីក្ដីទុក្ខកង្វល់អំពីការជះក្លិនស្អុយលាមកមាន់ នៅក្នុងវេទិការសាធារណៈ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រះស្រែ បងប្អូនប្រជាពលរដ្ឋ បានទទូចស្នើសុំឱ្យអាជ្ញាធរ សម្រេចបិទទីតាំងកសិដ្ឋានខាងលើចោលពីព្រោះតែម្ចាស់កសិដ្ឋានពុំដែលបានគោរពកិច្ចសន្យា ដែលបានធ្វើជាមួយអាជ្ញាធរ និងមិនគោរពសិទ្ធិរបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ ដែលកំពុងរស់នៅក្នុងសហគមន៍ជុំវិញនោះឡើយ។

ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងព្រះសង្ឃ  សូមគោរពស្នើសុំ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ សូមមេត្តាជួយអន្តរាគមន៍ដោះស្រាយបញ្ចប់បញ្ហាដ៏មហារ៉ាំរ៉ៃមួយនេះ ជូនពួកគាត់ផង ព្រោះអាជ្ញាធរមូលដ្ឋានបានខិតខំដោះស្រាយ ចុះទៅណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងរាប់សិបដងទៅហើយ ប៉ុន្តែនៅតែគ្មានប្រសិទ្ធភាពនោះទេ៕