2024-06-19 08:06
161

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋានរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានបញ្ជូនខ្មាន់កាំភ្លើង ជា «ឧកញ៉ា» និងជនពាក់ព័ន្ធ ចំនួន ០២នាក់ទៀត ទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងក្នុងសន្និសីទកាសែតនារសៀលនេះថា៖ «រណីអំពើឃាតកម្មដ៏សាហាវឃោឃៅនេះ យើងចូលរួមសោកស្តាយចំពោះអ្នកដែលបាត់បង់ជីវិត ដោយសារសមត្ថកិច្ចមិនអាចទប់ស្កាត់មុនបាន ព្រោះជារឿងឃាតកម្មគិតទុកជាមុនដែលជារឿងមួយមិនមានសមត្ថកិច្ចណាដែលងាយទប់ស្កាត់មុនបាននោះទេ»។
   លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបន្ថែមទៀតថា៖ «ក្រោយពេលកើតមានឡើយក៏មានការដឹកនាំបញ្ជាផ្ទាល់ពីប្រមុខរដ្ឋាភិបាល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលជំរុញឱ្យគណបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងនាមសេនាធិការបានដឹកនាំបញ្ជាតាមវិធានការជំនាញរបស់សមត្ថកិច្ច និងមានចូលរួមស្នងការខេត្តពាក់ព័ន្ធជាបព្រំប្រទល់ អធិការស្រុក ខណ្ឌ ទើបមានវិធានទប់ស្កាត់ និងបង្ក្រាបបានដោយធ្វើកិច្ចការងារតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពេលកើតហេតុ»។
លោកស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ថា៖ «យើងបានដាក់បទបញ្ជាដាច់ណាត់ ព្រោះមុខសញ្ញាបានចេញផុតពីភូមិសាស្ត្រកើតហេតុ ដូច្នេះមិនអាចស្តាប់ពីចំណាយបានទេទាល់តែចុះដល់គោលដៅ ព្រោះស្តាប់ជំនាញផ្តល់ប្រយោលថា ជនសង្ស័យសំងំនៅក្នុងនោះដោយសារឃាត់ខ្លួនជនសង្ស័យដែលដឹកជនដៃដល់មកសាកសួរហាក់មិនច្បាស់លាស់ទេ លុះមានការស្រាវជ្រាវ និងវិភាគគ្រប់ជ្រុងជ្រោយទើបកំណត់បានថា ជនដៃដល់បានចេញផុតបាត់ទៅហើយ និងមិនដឹកទៅគោលដៅណានោះទេ។ ភ្លាមនោះយើងប្រើប្រាស់ជំនាញបញ្ជឱ្យអធិការទាំង៤ខណ្ឌ ដែលជាប់ខណ្ឌច្បារអំពៅក្រសោមចូលក្នុង និងវិធានការខាងក្រៅមានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ដើម្បីសហការជាមួយកម្លាំងស្នងការក្រុងក្រសោមលើខណ្ឌទាំង៤នោះបន្ថែមទៀត អញ្ចឹងមានមិនទាន់ចាកចេញសមត្ថកិច្ចក្តោមបានហើយចាកចេញសមត្ថកិច្ចក៏មានលទ្ធភាពបង្ក្រាប និងមានបញ្ជាឱ្យអធិការខណ្ឌ ស្រុកជាប់ព្រំប្រទល់រាជធានីភ្នំពេញ  ផ្តល់ការសហការ និងផ្តល់នូវភិនភាគជនសង្ស័យ»។
លោកឧត្តមសេនីយ៍ ជូន ណារិន្ទ បានបន្ថែមថា ជាលទ្ធផលយើងបង្ក្រាបបាន ដោយអធិការដ្ឋានស្រុកអង្គស្នួលឃាត់បាន ប៉ុន្តែមិនទាន់ច្បាស់ចំឬមិនចំឡើយទាល់តែមានការផ្លាស់ប្តូរជំនាញទើបដឹងថាចំជនដៃដល់ពិតប្រាកដ។ ក្រោយពេលឃាតខ្លួនសមត្ថកិច្ចជំនាញរាជធានីភ្នំពេញ ទោះបីជាបទល្មើសជាក់ស្តែងក៏ដោយត្រូវប្រមូលវត្ថតាងពាក់ព័ន្ធ សាក្សីនៅជុំវិញកន្លែង ដើម្បីដាក់បន្ទុកឱ្យគ្រប់ធាតុផ្សំករណី «ឃាតកម្មគិតទុកជាមុន» នេះ ដើម្បីអនុវត្តតាមផ្លូវច្បាប់។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានចាត់ទុកថា បទល្មើសបង្កឡើដោយឧកញ៉ា ស្រី ស៊ីណា នេះ ជាបទល្មើសមួយសាហាវឃោរឃៅបំផុត ដែលធ្វើឱ្យបាត់បង់អាយុជីវិតមនុស្សរហូតដល់ ចំនួន ០២នាក់ និងរងរបួស ចំនួន ០២នាក់ទៀត ពិតជាមិនធម្មតាទេ ដែលមានស្ថានទម្ងន់ខ្លាំងមែនទែន។ ចំពោះកិច្ចការងារនេះសមត្ថកិច្ចជំនាញបានបញ្ជូនជនដៃដល់ និងសហចារីបញ្ជូនទៅកាន់តុលាការ។ លោកបានបន្ថែមថា កាលពីថ្ងៃទី១៨ ខែមិថុនា លោកបានធ្វើការងារជាមួយលោកទេសរដ្ឋមន្ត្រី គី តិច ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានមេធាវីរាជរដ្ឋាភិបាល ដែលមានបទបញ្ជាផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលសម្តេចបានយកចិត្តទុកបំផុតដោយផ្តល់មេធាវីស្ម័គ្រចិត្តរបស់រាជរដ្ឋាភិបាលការពារក្តីជូនជនរងគ្រោះ ដោយសារជនរងគ្រោះជាយុវវ័យ ហើយម្យ៉ាងទៀតមិនមែនក្លាចសមត្ថកិច្ច និងតុលាការធ្វើការងារខ្ជីខ្ជារទេ គឺដើម្បីការពារជនរងគ្រោះ ព្រោះកំពុងសម្រាកព្យាបាល និងធ្វើបុណ្យសព ដូច្នេះក្នុងការបន្តនិតិវិធីត្រូវមានមេធាវីក្នុងការពិនិត្យលើអង្គហេតុ និងអង្គច្បាប់ដើម្បីដាក់ឱ្យស៊ីសង្វាក់ហើយបើខ្វះចន្លោះណាមួយត្រូវបំពេញបន្ថែម ដែលនេះជាការយកចិត្តដាក់ខ្ពស់បំផុតរបស់សម្តេចតេជោចំពោះប្រជាពលរដ្ឋ។
ពាក់ព័ន្ធករណីនេះដែរ លោកឧត្តមេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា៖ «ជនដៃដល់ប្រព្រឹត្តបទល្មើសផ្ទាល់តែម្នាក់ឯកទេ ប៉ុន្តែមានអ្នកដឹកមកដល់ និងអ្នកដឹកជនសង្ស័យទៅដល់កន្លែងរថយន្ត ហើយការងារក្នុងរង្វង់ប្រតិបត្តិការដាច់ខាតត្រូវតែឃាត់អញ្ចឹង ហើយអ្វីជាការដាក់បន្ទុកទៅលើការស្រាវជ្រាវ និងវត្ថុតាងគឺច្បាស់លាស់ហើយទៅលើអ្នកសម្រួលមធ្យោបាយឱ្យជនសង្ស័យមកធ្វើសកម្មភាព និងក្រោយធ្វើសកម្មភាព»។

សូមរំលឹកថា ករណីឃាតកម្មបាញ់ប្រហារដ៏រន្ធត់មួយនេះ បានកើតឡើងនៅរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ ស្ថិតក្នុងបុរី ប៉េងហួត បឹងស្នោរ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ បណ្ដាលឲ្យមនុស្សចំនួន ០២នាក់ ត្រូវជាគូនដណ្តឹងនឹងគ្នាបានស្លាប់ និង ០២នាក់ផ្សេងទៀតរងរបួស។ ជនរងគ្រោះទាំង ០២នាក់ គូរដណ្ដឹងដែលត្រៀមចូលរោងការនៅខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។
តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង ០៤នាក់ រួមមាន៖ ទី១៖ ឈ្មោះ ឡុង លីសុង អាយុ២៧ឆ្នាំ មុខរបរ អ្នកថតរូប (ស្លាប់), ទី២៖ ឈ្មោះ ឃីម កញ្ចនា ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរ អ្នកថតរូប (ស្លាប់), ទី៣៖ ឈ្មោះ សុខុម រ៉ាចាណៈ អាយុ ២០ឆ្នាំ មុខរបរ អ្នកថតរូប (រងរបួស) និងទី៤៖ ឈ្មោះ ហុង រិទ្ធធារ័ក្ស អាយុ ២៤ឆ្នាំ មុខរបរ អ្នកថតរូប (រងរបួសស្រាល) ស្នាក់នៅផ្ទះកើតហេតុខាងលើ។

ចំពោះជនដៃដល់ជាខ្មាន់កាំភ្លើងមានឈ្មោះ ស្រី ស៉ីណា អាយុ ៥០ឆ្នាំ មានងារ ជា «ឧកញ៉ា» ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ មូលហេតុដែលនាំឱ្យកើតមានអំពើឃាតកម្ម គឺផ្តើមឡើងដោយសាររឿងឈ្លោះគ្នាជាមួយក្រុមគ្រួសារមួយពីរឿងហាលសំលៀកបំពាក់លើព្រំដី និងកាប់មែកស្វាយ ហើយក៏មានទំនាស់ពាក្យសម្តីគ្នា ពេលនោះខ្មាន់កាំភ្លើង ក៏ដកអាវុធខ្លី បាញ់ទៅលើពួកជនរងគ្រោះជាច្រើនគ្រាប់បណ្តាលឱ្យស្លាប់ហើយខ្មាន់កាំភ្លើងបានជិះម៉ូតូទៅកាន់រថយន្តយគ្រឿង ម៉ាក Ssangyong Rexton ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BL-9923 បើករត់គេចខ្លួនបា

ទាក់ទិនការប្រព្រឹត្តបទឧក្រិដ្ឋពីសំណាក់ឧកញ៉ា ស្រី ស៊ីណា ដោយមិនខ្លាចញញើតច្បាប់សមាគមឧកញ៉ា បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបានបញ្ជាក់ថា៖ “ខ្មាន់កាំភ្លើងមានឈ្មោះ ស្រី ស៊ីណា គ្រាន់តែមានគោរមងារជា «ឧកញ៉ា» ប៉ុន្តែ មិនមែនជាសមាជិកសមាគមឧកញ៉ាកម្ពុជានោះទេ”។
ឧកញ៉ា ស្រី ស៊ីណា ដែលជាជនដៃដល់ក្នុងការបាញ់សម្លាប់ជនរងគ្រោះ ០២នាក់គូរដណ្តឹង បានសារភាពថា៖ «ខ្លួបបានបានដកកាំភ្លើងពីចង្កេះបាញ់ប្រហារលើជនរងគ្រោះដោយសារជនរងគ្រោះបានជេរគាត់នៅក្នុងរឿងជម្លោះរឿងដាក់ស្នួលខោអាវជាប់ព្រំប្រទល់ផ្ទះ»។

តាមសាច់រឿងត្រួសៗឧកញ៉ា ស្រី ស៊ីណា បានឱ្យដឹងថា៖ «គាត់បានជួលផ្ទះជាប់ផ្ទះជនរងគ្រោះឱ្យគេហើយមានបញ្ហាស្នួលហាលខោអាវជាមួយផ្ទះជិតខាងហើយអ្នកជួលផ្ទះប្រាប់រឿងរ៉ាវគាត់ក៏បានមកអន្តរាគមន៍ ហើយចូលដល់ផ្ទះជនរងគ្រោះ ដើម្បីសួរនាំ ប៉ុន្តែត្រូវជនរងគ្រោះជេរ ទើបដកកាំភ្លាំងដែលមានៅជាប់ខ្លួនស្រាប់បាញ់ប្រហារ បណ្ដាលឲ្យស្លាប់ ០២នាក់ និងរងរបួសធ្ងន់»។

បច្ចុប្បន្នជនសង្ស័យមានងារ ជា «ឧកញ៉ា» និងអ្នកពាក់ព័ន្ធត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕