2024-06-07 02:06
159

ស្វាយរៀង៖ តំណាងអយ្យការអមសាលាដំបូងខេត្តព្រៃវែង បានមានចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្ម និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត, សម្អាតប្រាក់, រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចខារ៉ាអូខេ «៣៣៣» ភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង និងបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីមានចំណាត់បន្ត។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រៃវែង  បានឲ្យដឹងថា៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២៤ អយ្យការអមសាលាដំបូងខេត្តព្រៃវែង បានទទួលចាត់ការ លើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៣០ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ បញ្ជូនមកពីបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តព្រៃវែង ដែលធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ក្នុងចំណោមជនសង្ស័យ សរុបចំនួន ០៥នាក់។

ជនសង្ស័យពាក់ព័ន្ធនឹងសំណុំរឿងដ៏ឃោឃៅចាប់ជំរិត និងសម្លាប់ជនរងគ្រោះ រួមមាន៖១- ឈ្មោះ ង្វៀង វាំងទាំង ហៅ ផែ ភេទប្រុស អាយុ ៣២ឆ្នាំ, ២- ឈ្មោះ ដាវ ជុងវាំង ហៅ ប៊ែ ភេទប្រុស អាយុ ៣៤ឆ្នាំ, ៣- ឈ្មោះ ដូ វាំងម៉ឺន ហៅ ម៉ាប់ ភេទប្រុស អាយុ ៣១ឆ្នាំ, ៤- ឈ្មោះ តុង វាំងតង ហៅ តង ភេទប្រុស កើតឆ្នាំ ១៩៧៥ (គេចខ្លួន) និងទី៥- ឈ្មោះ វិន យ៉ាំងជិន ហៅ ជិន ភេទប្រុស អាយុប្រហែល ៤០ឆ្នាំ (គេចខ្លួន)។

សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅចំណុច អាហារដ្ឋាន KTV ៣៣៣ ស្ថិតនៅភូមិព្រែកឡាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ មានករណី ឃាតកម្មដោយមានទារុណកម្ម, កាន់កាប់អាវុធ ដោយខុសច្បាប់, សម្អាតប្រាក់, រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយជនសង្ស័យបានរៀបគម្រោងធ្វើសកម្មភាពចាប់ជនរងគ្រោះឈ្មោះ ហាក់ សៀវ ភេទប្រុស អាយុ ២៧ឆ្នាំ ទៅទុកក្នុងបន្ទប់រួចធ្វើទារុណកម្ម ក្នុងគោលបំណងជម្រិតទារប្រាក់រហូតដល់ស្លាប់។

ក្នុងកិច្ចប្រតិបត្តិការស្រាវជ្រាវ ឆែកឆេរទីតាំងកន្លែងកើតហេតុពិនិត្យ និងដកហូតបានថ្នាំញៀន ចំនួន ៣៦ (សាមសិបប្រាំមួយ) កញ្ចប់ មានទម្ងន់ ៦.៥៦៧,៥២ (ប្រាំមួយពាន់ ប្រាំរយ ហុកសិបប្រាំពីរ កណ្ដក់សញ្ញា ហាសិបពីរ) ក្រាម ជាថ្នាំញៀន ប្រភេទ មេតំហ្វេតាមីន, កាំភ្លើងខ្លី ម៉ាក K54 គ្រាប់ចំនួនប្រាំពីរគ្រាប់ និងសម្ភារៈសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។

បន្ទាប់ពីបានពិនិត្យភស្តុតាង និងសាកសួរលើជនសង្ស័យ ចំនួន ០៣នាក់ខាងលើ តាមនីតិវិធីរួចមកតំណាងអយ្យការ សម្រេចចោទប្រកាន់លើជនសង្ស័យខាងលើ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ លេខ ២៩២ អ.យ.ច ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ពីបទ៖ «ឃាតកម្មដោយមានទារុណកម្ម», បទ៖ «កាន់កាប់ ឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត», បទ៖ «សម្អាតប្រាក់» និងបទ៖ «រក្សាទុក និងជួញដូរដោយខុសច្បាប់នៅសារធាតុញៀន» ប្រព្រឹត្តនៅចំណុចខារ៉ាអូខេ ៣៣៣ ភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៤។តាមបញ្ញត្តិមាត្រា ២០៥ មាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៣៨ នៃច្បាប់ស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ក្រោយមានចំណាត់ការសើបសួរតំណាងអយ្យការបានបញ្ជូនសំណុំទៅចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕