2024-05-13 07:05
160

ភ្នំពេញ៖ ជនសង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ចំនួន ០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បង្ក្រាប និងឃាត់ខ្លួន រឹបអូសគ្រឿងញៀនបានជិត ៣គីឡូក្រាម។
  នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន បានបង្ហាញមុខជនសង្ស័យជាឧក្រឹដ្ឋជន និងកសាងសំណុំបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់។
ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
  នគរបាលបានបញ្ជាក់ថា នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៣និង០៥នាទី ដោយកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៧) ដឹកនាំដោយលោក វរសេនីយ៍ឯក វ័រ វុទ្ធា នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក យេង ប៊ុនណា នាយការិយាល័យ សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ មានការដឹកនាំ និងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុច តាមបណ្តោយផ្លូវលេខ ១០៨០ ភូមិស្រែអំបិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
  ចំពោះលទ្ធផលកម្លាំងជំនាញបានចាប់ខ្លួនជនល្មើស ចំនូន ០២នាក់ រួមមាន៖ ឈ្មោះ ច័ន្ទ វីរ: ហៅ ឡុង ឆេកូ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ សោម វិវឌ្ឍន៍ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ។ ចំណែកវត្ថុតាងចាប់យកមាន គ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ២៩៨៨ក្រាម (ជិត៣គីឡូក្រាម)។
បច្ចុប្បន្នជនល្មើសខាងលើត្រូវបាន កសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាង ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕