2024-04-29 08:04
33

ភ្នំពេញ៖ ឧក្រិដ្ឋជនជួញដូរគ្រឿងឆ្លងដែនយ៉ាងសកម្ម ចំនូន ០៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃចាប់ខ្លួន រឹបអូសគ្រឿងញៀនជាង ២០០គីឡូក្រាម  ដកហូតលុយសុទ្ធជាង ៣០ម៉ឺនដុល្លារ ព្រមទាំងអចលនទ្រ គណនីធនាគារ រថយន្តសេរីទំនើបៗមានតម្លៃរាប់លានដុល្លារ។ 
ប្រតិបត្តិការខាងលើ អនុវត្តតាមបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងលោកឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន 
តាមរបាយការណ៍ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៩និង ៣០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៩) ដឹកនាំដោយលោក វរសេនីយ៍ឯក សេង សុផល នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ភ្លៀន នឿន ជាមន្ត្រីនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលពី លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវស៊ើបអង្កេតជាង ៣ខែ រហូតឈានទៅបង្ក្រាបករណីជាក់ស្តែង កំពុងធ្វើសកម្មភាពជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០៥ទីតាំងផ្សេងៗគ្នាជាបន្តបន្ទាប់តែម្តង។ 
គោលដៅទី១- នៅចំណុច ទល់មុខស្ថានីយ៍ទឹកស្អាត សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ 
គោលដៅទី២- ក្នុងបន្ទប់លេខ ១១១៨ ជាន់ទី១១ ក្នុងខុនដូមេគង្គវីយូ៦ សង្កាត់-ខណ្ឌជ្រោយចង្វារ។ 
គោលដៅទី៣- បន្ទប់លេខ ១១១០ ខុនដូហែនលេន ភូមិកៀនឃ្លាំង សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ។ 
គោលដៅទី៤- ផ្ទះលេខ៦១ ផ្លូវ V-03 បុរីដឺហ្លររ៉ា ផ្លូវជាតិលេខ ៦A ភូមិក្តីចាស់ សង្កាត់បាក់ខែង
ទី៥-ផ្ទះលេខ៣២អ៉ី (16E) ផ្លូវជាតិលេខ ៦A។ ក្រុម១០ ភូមិក្រោលគោ សង្កាត់-ខណ្ឌឬស្សីកែវ។ 
របាយការណ៍ បានឲ្យដឹងថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៦នាក់ រួមមាន៖ទី១- ឈ្មោះ លី ប៊ុនមីន ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៧១ ជាមេខ្លោង ហើយមានដីកាចាប់បង្គាប់ឲ្យចាប់ខ្លួនផងដែរ។ ទី២- ឈ្មោះ ប៊ុន ណាវី ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ១៩៦៤។ ទី៣- ឈ្មោះ លី មីង ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ២០០១ និង។ ៤- ឈ្មោះ ប៊ុន ម៉ាលីស ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ១៩៧៤។ ៥- ឈ្មោះ ស៊ុយ ឆេងឡាង ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ២០០០ និង ទី៦-នឈ្មោះ កេះ ស្រីពេញ ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ១៩៩៩។ 
ក្នុងប្រតិបត្តិរនោះ សមត្ថកិច្ចចាប់យកវត្ថុតាង គ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ១៥៨ គីឡូក្រាម និង២៤ក្រាម, ថ្នាំញៀន ប្រភេទ កេតាមីន (Ketamine) ទម្ងន់ ២២គីឡូក្រាម និង៦៨៤ក្រាម, ថ្នាំញៀន ប្រភេទ ហេរ៉ូអ៊ីន (Heroine) ទម្ងន់ ៧គីឡូក្រាម និង៤៣៤ក្រាម 
សរុបគ្រឿងញៀនទម្ងន់ ១៨៨គីឡូក្រាម ១៤២ក្រាម។ 
ក្នងនោះនគរបាលចាប់យកទ្រព្យសម្បត្តិ ដែលសង្ស័យជាផលកើតចេញពីបទល្មើសគ្រឿងញៀន រួមមាន៖ សាច់ប្រាក់ជាង ៣០ម៉ឺនដុល្លារអាមេរិក, អចលនទ្រព្យ រថយន្ត គណនីធនាគារតម្លៃរាប់លានដុល្លារអាមេរិកផងដែរ។ 
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ មន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕