2024-05-08 12:05
193

ប៉ោយប៉ែត៖       ម្ចាស់ហាង ប្តូរប្រាក់ វេប្រាក់ ទិញ-លក់មាស និងគ្រឿងអង្គារគ្រប់ប្រភេទដ៏ល្បីល្បាញប្រចាំក្រុងប៉ោយប៉ែត យីហោ «ហេង មេត » ត្រូវបានអតិថិជនដែលធ្លាប់ប្រើប្រាស់សេវា ប្តឹងចូលទៅតំណាងអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយចោទប្រកាន់ពីបទ៖ «បង្កកប្រាក់» និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែតម្នាក់ទៀត ជាប្អូនប្រុសម្ចាស់ហាង ពីបទ៖ «បង្ខាំងមនុស្សដោយខុសច្បាប់»។

ជនរងគ្រោះជាដើមបណ្តឹងក្នុងករណីខាងលើ មានឈ្មោះ ប៊ុត សុភ័ក្ត ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមពាក្យបណ្តឹងដែលទៅកាន់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ដោយប្តឹងចោទប្រកាន់លើឈ្មោះ ហេង មេត ភេទស្រី អាយុប្រហែល ៤២ ឆ្នាំ រស់នៅស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលបានបង្កកប្រាក់របស់ខ្លួនទុកឥតមូលហេតុ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ និងឈ្មោះ ហេង កែវ ភេទប្រុស អាយុប្រហែល ៣១ឆ្នាំ ជាសមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត ពាក់ព័ន្ធករណី បង្ខាំងមនុស្សដោយខុសច្បាប់ ប្រព្រឹត្តនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលប៉ោយប៉ែត កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។

យោងតាមពាក្យបណ្តឹងចូលទៅតំណាងអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដើមបណ្តឹងជាបុគ្គលិកក្រុមហ៊ុននាំពលករទៅប្រទេសថៃ ហើយពេលដែលពលករចង់ធ្វើការវេរប្រាក់ទៅមកទៅឱ្យសាច់ញាតិនោះ ខ្លូនជាអ្នកវេរ និងដកប្រាក់ជូនពួកគាត់។ នៅអំឡុងខែមករា ឆ្នាំ២០២៤ ដើមបណ្តឹងបានចាប់ផ្តើមទៅវេរ និងទទួលប្រាក់នៅហាងប្តូរប្រាក់ ផ្ទេរប្រាក់ ទិញលក់មាស គ្រឿងអលង្ការ «ហេង មេត» ដែលមានម្ចាស់ហាងឈ្មោះ ហេង មេត។ 

ក្នុងបណ្តឹងបានញ្ជាក់ថា៖ ក្នុងការទទួលប្រាក់ពីប្រទេសថៃ និងវេរប្រាក់ទៅប្រទេសថៃវិញតាមរយៈហាង ហេង មេត នេះ គឺពុំមានការជំពាក់ប្រាក់នោះទេ ហើយក៏ពុំដែលមានបញ្ហានោះដែរ។ ស្រាប់នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ខ្លួន (ដើមបណ្តឹង) បានទៅវេរប្រាក់ទៅប្រទេសថៃចំនួន ១០០០០ (មួយម៉ឺន) បាត ប៉ុន្តែនៅពេលដែលប្រគល់ប្រាក់ជូនហាងរួចរាល់ ស្រាប់តែខាងហាងប្រាប់វិញថា ប្រាក់ដែលធ្លាប់វេរនៅកន្លែងគាត់កន្លងមក សរុបចំនួន ៤២ ៣០០០ (សែសិបពីរម៉ឺនបីពាន់)បាត បង្កឱ្យមានបញ្ហាដល់ហាងគាត់ ដោយពុំឯកសារអ្វីមកបញ្ជាក់ឱ្យបានឃើញនោះ ទេ ហើយប្រាក់ដែលទើបដាក់វេរនោះ គឺខាងហាងមិនព្រមឱ្យអ្នកទទួលដកយកប្រាក់ទេ ហើយហាងក៏មិនប្រគល់ប្រាក់ឱ្យខ្លួវិញដែរ។ 

ដោយមានបញ្ហាបែបនេះ ម្ចាស់ហាងវេលុយ «ហេង មេត» នេះ បានហៅឈ្មោះ ហេង កែវ ដែលសមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត និងត្រូវជាប្អូនបង្កើតមកនាំខ្លួនគាត់ជាម្ចាស់លុយយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត។ ពេលទៅដល់ឈ្មោះ ហេង កែវ បានវាស់កម្ពស់ និងថតរូបព្រមទាំងសួរចម្លើយទាំងពុំមានដីកាអ្វីឡើយ រួចឈ្មោះ ហេង កែវ ឱ្យគាត់រកប្រាក់សងទៅឈ្មោះ ហេង មេត វិញចំនួន ៤២៣ ០០០ (សែសិបពីរម៉ឺនបីពាន់) បាត ។ 

បន្ទាប់មកទៀតឈ្មោះ ហេង កែវ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែង បានទៅនាំខ្លួនអ្នកដែលពាក់ព័ន្ធនឹងការវេរប្រាក់នេះ មកពីរបីនាក់ទៀត។ ពេលនៅក្នុងប៉ុស្តិ៍ឈ្មោះ ហេង កែវ បានដកហូតយកទូរសព្ទយកទុក និងមិនឱ្យដើរទៅណាមកណានោះទេ លុះត្រាពូកគាត់យល់ព្រមសងប្រាក់ទៅឈ្មោះ ហេង មេត វិញ។ រហូតដល់វេលាម៉ោង ៨យប់ ដើម្បីឱ្យឈ្មោះ ហេង មេត ដោះលែងវិញ ក៏បានយល់ព្រមធ្វើកិច្ចសន្យាសងប្រាក់ ចំនួន ១៥០០០០ (ដប់ប្រាំម៉ឺន) បាតសិនទើបគេព្រមដោះលែង។ 

ចំពោះរឿងរាវនេះ ជនរងគ្រោះឈ្មោះ ប៊ុត សុភ័ក្ត កើតទុក្ខមិនសុខចិត្តដោយសារឈ្មោះ ហេង មេត ចោទថា៖ «ប្រាក់ដែលវេរកន្លងមកមានបញ្ហា ដោយពុំមានមូលហេតុ ទាំងដែលខ្លួនពុំដែលជំពាក់ពីមុនមកនោះទេ និងឈ្មោះ ហេង កែវ នេះអាងខ្លួនជាសមត្ថកិច្ចបានបង្ខាំង សំឡុត គំរាមឱ្យសងប្រាក់ទៅឈ្មោះ ហេង មេត វិញទាំងគាត់មិនបានធ្វើអ្វីខុសនឹងច្បាប់នោះទេ»។ 

តាមការបញ្ជាក់ដើមបណ្តឹងបានធ្វើការជាពលករនេះរយៈពេល ១០ឆ្នាំ នៅប្រទេសថៃ ហើយក៏ធ្លាប់ធ្វើការវេរប្រាក់ទៅមកជាមួយហាងជាច្រើននៅក្នុងក្រុងប៉ោយប៉ែត តែមិនដែលមានបញ្ហាអ្វីនោះទេ។ ក្នុងករណីនេះដើមបណ្តឹងបានសំណូមពរ៖ សុំប្តឹងឲ្យតុលាការផ្តន្ទាទោសជនបង្កទៅតាមច្បាប់, សុំទាមទារសំណងជម្ងឺចិត្ត ចំនួន ១០០០០០ (ដប់ម៉ឺន) ដុល្លារ និងសុំឱ្យឈ្មោះ ហេង មេត ប្រគល់ប្រាក់ ចំនួន ១០០០០ (មួយម៉ឺន)បាត ដែលបានបង្កកទុកប្រគល់ឱ្យវិញ។

ពាក់ពាក់នឹងបណ្តឹងចោទប្រកាន់ខាងលើ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នេះ បណ្តាញសារព័ត៌មាន msj tv មិនស្វែងរកការបកស្រាយបន្ថែមពីម្ចាស់ហាង ប្តូរប្រាក់ វេប្រាក់ ទិញ លក់មាស និងគ្រឿងអង្ការ «ហេង ម៉េង» បានឡើយ រីឯលោក ហេង កែវ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត ត្រូវជាប្អូនថៅកែហាងមាសនេះ ក៏មិនអាចទាក់សុំការបំភ្លឺបានដូចគ្នា។

ករណីនេះអង្គភាពសារព័ត៌មាន msj tv រងចាំការបកស្រាយពីគ្រប់ភាគីដែលមានការពាក់ព័ន្ធគ្រប់ពេលវេលាតាមច្បាប់ស្តីពី របបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន៕