2024-08-29 02:08
129

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំលើកទី២ របស់ខ្លួន ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥។

កិច្ចប្រជុំស្តីពីប្រាក់ឈ្នួលអប្បរមាសម្រាប់ឆ្នាំ២០២៥ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ 

គិតត្រឹមថ្ងៃនេះ នៅក្នុងជំនួបពិភាក្សា នៃកិច្ចប្រជុំត្រីភាគី ចំនួន ០២ លើក កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគី កម្មករនិយោជិត ចំនួន ០១ លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីនិយោជក ចំនួន ០១ លើក ភាគីទាំងពីរបាន បន្តលើកហេតុផល និងបង្ហាញនូវគោលជំហរផ្ទៃក្នុងរបស់ខ្លួនទៅវិញទៅមកប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ អំពីសំណើរបស់ខ្លួន។ នៅក្នុងកិច្ចប្រជុំទាំង ០៤ លើកនេះ តំណាងភាគីរាជរដ្ឋាភិបាល ក៏បានសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមលើចំណុចនានា ដែលតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកមានចម្ងល់ ផងដែរ។

ឆ្លងតាមការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ជាលទ្ធផល នៃកិច្ចប្រជុំត្រីភាគីនេះ តំណាងភាគីកម្មករនិយោជិតបានលើកឡើងនូវតួលេខកំណើន ចំនួន ១៤ ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជក បានលើកឡើងនូវតួលេខកំណើន ចំនួន ១ ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ ដុល្លារអាម៉េរិក។

អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅម៉ោង ១០និង០០នាទីព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ៕