2024-06-28 02:06
216

(កែប) ៖     នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤នេះ មន្រ្តីជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានប្រាប់ឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ ប្រជានេសាទនៅក្នុងខេត្តកែបទិន្នផលប្រមូលផលនេសាទបានប្រមាណ ២.៧០០តោន ក្នុងនោះផលនេសាទទឹកសាបចំនួន ៦០តោន សរុប ២.៦៤០តោនហើយទិន្នផលនៅតែកើនតែក្នុងចំនួនតិច។

ទោះជាយ៉ាងណាប្រជានេសាទនៅខេត្តកែបបានត្អូញត្អែថា ការប្រមូលផលនេសាទឆ្នាំនេះរកមិនសូវបាន ហើយកាន់តែមានកាធ្លាក់ថយចុះទៅៗខ្លាំង។
ប្រជានេសាទខេត្តកែប បានបង្ហាញក្តីកង្វល់ពីបញ្ហាប្រឈមចំនួន ៣ពាក់ព័ន្ធការនេសាទនេះ ទី១នេសាទមិនសូវបាន ទី២ ទីផ្សារឡើងចុះតាមមាត់ឈ្មួញកណ្ដាល និងទី៣ ការប្រើអួនឆក់ និងអួនអូសរនាស់របស់អ្នកនេសាទវៀតណាមលួចចូលមកដែនទឹករបស់ខ្មែរយ៉ាងអាណាធិបតេយ្យ។

តែយ៉ាងណា មន្ត្រីជំនាញបានបញ្ជាក់ថា បញ្ហារបស់ប្រជានេសាទត្រូវបានអាជ្ញធរខេត្ត និងជំនាញយកចិត្តទុកដាក់ ហើយបាននិងកំពុងដោះស្រាយឲ្យកាន់តែប្រសើរហើយដែរ។
លោក ខេង ជា ប្រជានេសាទរស់នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានបង្ហាញបញ្ហាប្រឈមរបស់ខ្លួនថា ពួកគាត់ប្រកបរបរនេសាទអស់ជាច្រើនឆ្នាំមកហើយ ពីមួយឆ្នាំ ទៅមួយឆ្នាំធនធានសមុទ្រកាន់ហិនហោច ហើយការនេសាទ ថ្ងៃខ្លះបាន ថ្ងៃខ្លះអត់ ប៉ុន្តែរដូវវស្សាការនេសាទបានច្រើនជាងរដូវប្រាំងបន្តិច។

ពួកគាត់បញ្ជា់ក់ថា ការថមថយផលនេសាទនេះ ដោយសារកត្តាអភិវឌ្ឍន៍តំបន់ឆ្នេរ និងការប្រើឧបករណ៍ខុសច្បាប់ដូចជាអួនឆក់ និងអួនអូសរនាស់របស់ប្រជានេសាទវៀតណាម ដែលលួចចូលមកក្នុងដែនទឹករបស់ខ្មែរបំផ្លាញដល់រុក្ខជាតិ និងសត្វនៅបាតសមុទ្រទាំងធំឲ្យផុតពូជ។ដោយឡែកចំពោះបញ្ហាទីផ្សារគ្រឿងសមុទ្រក៏មិនសូវល្អដែរ។

លោក ភឺន ផល្លា នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកែប បានប្រាប់ឲ្យដឹងថា ខេត្តកែបមានសហគមន៍នេសាទចំនួន៥ និងមានទូកនេសាទចំនួន ៥៩៤ទូក ផលនេសាទខេត្តកែបមានការកើនឡើងបន្តិចបន្តួចរាល់ឆ្នាំ។ សម្រាប់ឆមាសទី១ ឆ្នាំ២០២៤ ផលនេសាទមានចំនួន ២.៧០០តោន ក្នុងនោះផលនេសាទទឹកសាបចំនួន ៦០តោន។

ហើយចំពោះបញ្ហាដែលប្រជានេសាទលើកឡើងខាងលើ មន្ត្រីជំនាញជលផលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងបំណងដើម្បីរក្សានិរន្តរភាព នៃផលនេសាទរបស់ខេត្តកែប។
បើតាមការបញ្ជាក់របស់មន្ត្រីជំនាញថា វិស័យកសិកម្ម ក្នុងនោះការងារនេសាទ គឺជាវិស័យស្នូលសំខាន់ទី២របស់ខេត្តកែប បន្ទាប់ពីវិស័យទេសចរណ៍ ហើយរដ្ឋបាលខេត្តកែប ក៏ដូចជាមន្ទីរជំនាញ បាន និងកំពុងយកចិត្តទុកដាក់ និងលើកទឹកចិត្តឲ្យពលរដ្ឋ ក៏ដូចប្រជានេសាទទាំងអស់ ឲ្យងាកមកធ្វើវារីវប្បកម្មឲ្យបានច្រើន ព្រោះតម្រូវការគ្រឿងសមុទ្រកាន់តែកើនឡើង បើពឹងតែលើធនធានធម្មជាតិ មិនអាចផ្គត់ផ្គង់តម្រូវការគ្រប់គ្រាន់នោះទេ ពិសេសការត្រូវរៀនកែច្នៃគ្រឿងសមុទ្រផងដែរ ដើម្បីលក់បានតម្លៃខ្ពស់។(សឹង រ៉ាត់)