2024-08-31 10:08
86

កំពង់ស្ពឺ៖ នាឱកាសដឹកនាំប្រតិភូថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងបរិស្ថាន បានជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនៅសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្តឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តតំពង់ស្ពឺ នៅថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា៖ «ការចូលរួម និងមានកិច្ចសហការល្អ ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពីបណ្តាអង្គការជាដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ និងជាពិសេសប្រជាពលរដ្ឋ ក្នុងសកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងការពារតំបន់ធម្មជាតិ កន្លងមកយ៉ាងសកម្ម និងមានលក្ខណៈល្អប្រសើរ»។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងបន្ថែមថា៖ “ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដោយអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើសរសរស្តម្ភ ចំនួន ៣ គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» និងដែលធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ”។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍បន្ថែមថា៖ «ក្រសួងបរិស្ថាន ខិតខំបន្តអនុវត្តការងារលើកកម្ពស់ការចូលរួមពីប្រជាពលរដ្ឋ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រង ការអភិរក្សធនធានធម្មជាតិ និង ជីវចម្រុះ ធានាបានលំនឹងបរិស្ថាន គាំទ្រដល់សន្តិសុខស្បៀង សេដ្ឋកិច្ចសង្គម និងសុខភាពសាធារណៈ តាមរយៈមុខងារ និងតួនាទីនៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី ក៏ដូចផ្ដោតលើការជួយ ដល់ការលើកកម្ពស់ជីវភាព និងការអភិវឌ្ឍសហគមន៍មូលដ្ឋានផងដែរ»។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការចូលរួមពង្រឹងតួនាទី របស់សហគមន៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាអ្នកពាក់ព័ន្ធ ក្នុងការការពារ គ្រប់គ្រងនិងខិតខំអភិរក្សធនធានធម្មជាតិ ដើម្បីបង្កើនផលប្រយោជន៍របស់សហគមន៍មូលដ្ឋាន។ ហើយពេលនេះ ក្រសួងបានកំពុងពិនិត្យ និងសិក្សាលើការបងើតរបៀងគោលដៅលំហែបៃតង ភ្ជាប់តំបន់ការពារធម្មជាតិមួយទៅតំបន់មួយទៀត និងពីខេត្តមួយទៅខេត្តមួយ ដើម្បីពង្រីកនិងពង្រឹងមុខរបរ សម្រាប់ការលើកកម្ពស់នៃជីវភាពសហគមន៍មូលដ្ឋាន៕