2024-09-06 02:09
61

ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស រសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញធ្វើបាឋកថាចែករំលែកបទពិសោធន៍ លើប្រធានបទ «ការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស» នៅវិទ្យាស្ថានជាតិសង្គមកិច្ច។

លោកជំទាវ ជូ ប៊ុន អេង បានលើកឡើងថា៖ «តាមរយៈការសិក្សាលើករណីជាក់ស្តែង រហូតមកទល់ពេលនេះ យើងអាចកំណត់ទម្រង់នៃការកេងប្រវ័ញ្ចអំពើជួញដូរមនុស្ស ជា ៥ទម្រង់ រួមមាន៖ ១) ការកេងប្រវ័ញ្ចផ្លូវភេទ, ២) ការកេងប្រវ័ញ្ចពលកម្ម, ៣) ការដកហូតសរីរាង្គ, ៤) ការកេងប្រវ័ញ្ចតាមប្រព័ន្ធអ៊ីនធើណេត និងរូបភាពអាសអាភាស និង ៥) អំពើជួញដូរទារក/កុមារ»។ 

ជាមួយគ្នានេះ លោកជំទាវ ក៏បានជំរុញឱ្យវិទ្យាស្ថានជាតិសង្គមកិច្ច ធ្វើបច្ចុប្បន្នភាពនូវមេរៀន ស្តីពី ការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដើម្បីផ្សព្វផ្សាយលើការវិវត្តន៍ នៃបញ្ហាជួញដូរមនុស្ស នាពេលបច្ចុប្បន្ន និងស្នើសុំឱ្យមានការបណ្តុះបណ្តាលជំនាញសង្គមកិច្ច ដល់អ្នកសង្គមកិច្ចសម្ព័ន្ធ និងកម្លាំងសេវាសង្គមផងដែរ។

ក្នុងឱកាសនេះ លោក សរ បូរីរក្ស នាយកវិទ្យាស្ថានជាតិសង្គមកិច្ច បានថ្លែងថា៖ «វិទ្យាស្ថានជាតិសង្គមកិច្ច ជាគ្រឹះស្ថានជាតិ ស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានបេសកកម្មសិក្សាស្រាវជ្រាវអំពីវិទ្យាសាស្រ្តសង្គម និងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ផ្នែកសង្គមកិច្ច ហើយក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាអាណត្តិទី៧នេះ លើគោលនយោបាយអភិវឌ្ឍន៍វិស័យសង្គមកិច្ច វិទ្យាស្ថានបានផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញសង្គមកិច្ច និងវិស័យដទៃទៀត ដោយភ្ជាប់នឹងតម្រូវការរបស់សង្គមជាតិ ឱ្យកាន់តែមានគុណភាព ដើម្បីផ្តល់សេវាសង្គមកិច្ចជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព។ 

លោកបានបន្ថែមទៀតថា ទន្ទឹមនឹងនេះ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេលខ្លី វគ្គផ្សព្វផ្សាយសិក្ខាសាលា តាមជំនាញនានា ក៏ត្រូវបានរៀបចំ ដើម្បីផ្តល់ជូនដល់មន្រ្តីរាជការ បុគ្គលិកអង្គការដៃគូដែលផ្តល់សេវាសង្គមកិច្ចជូនដល់ជនរងគ្រោះ ងាយរងគ្រោះនៅកម្ពុជាផងដែរ ដែលនេះគឺជាចក្ខុវិស័យរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងបរិបទនៃការវិវត្តន៍លូតលាស់ឥតឈប់ឈរ នៃបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍(ICT) នៅកម្ពុជា និងសកលលោក ដើម្បីលើកកម្ពស់គុណភាពក្នុងវិស័យអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្របតាមអនុសាសន៍របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុង ឱកាសបិទសន្និបាតបូកសរុបការងាររបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារឆ្នាំ២០២៤ ដែលបានផ្តល់អនុសាសន៍ដល់ក្រសួងលើការពង្រឹងការងារអភិបាលកិច្ច។

នាយកវិទ្យាស្ថានជាតិសង្គមកិច្ច ក៏បានស្នើសុំការអនុញ្ញាតពីលោកជំទាវ ដើម្បីគាំទ្រលើការងារមួយចំនួន រួមមាន៖ ១) ផ្សព្វផ្សាយដល់អង្គការពាក់ព័ន្ធ ដើម្បីទទួលការបណ្តុះបណ្តាលលើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងដល់អ្នកសង្គមកិច្ចសម្ព័ន្ធ (ក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងកិច្ចការនារី និងក្រសួងយុត្តិធម៌ ជាដើម) ដើម្បីទទួលបានប្រសិទ្ធភាពក្នុងការអនុវត្តការងារជួយដល់ជនរងគ្រោះឱ្យកាន់តែប្រសើរថែមទៀត ។ ២) ជួយគាំទ្រផ្តល់ឱកាសដល់និស្សិត តាមរយៈការហ្វឹកហាត់ការងារ តាមបណ្តាអង្គការដែលបានផ្តល់សេវាលើការងារសង្គមកិច្ច ដើម្បីទទួលបានបទពិសោធន៍ និងចំណេះដឹងក្នុងការអនុវត្តជាក់ស្តែង៕