2024-06-03 03:06
139

នៅរសៀលថ្ងៃទី ០១ខែមិថុនាឆ្នាំ  ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ព្រមទាំងសមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោងបានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសសមាសភាព ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង ១៣ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។

 ថ្លែងនៅក្នុងពិធីប្រកាសនេះ លោកបានកោតសរសើរខ្ពស់ដល់ លោកសាយ គឹមឡម ប្រធានគណបក្សស្រុក និងសមាជិកសមាជិកា និងអង្គបោះឆ្នោតគ្រប់រូបដែលបានខិតខំអស់ពីលទ្ធភាពក្នុងការបោះឆ្នោតជ្រើសរើសតាំង សមាជិកក្រុមប្រឹក្សាស្រុកដែលបានទើបបញ្ចប់កាលពីពេលថ្មីៗទៅនេះដែលទទួលបានលទ្ធផលលើសពីការរំពឹងទុក្ខ  ហើយលោកបានកោតសរសើរខ្ពស់ដល់ប្រធានគណបក្សស្រុក ដែលបានរាយការណ៍អំពីភាពអវិជ្ជមាននិងការពិតមួយចំនួនដែលបានកើតឡើងនៅក្នុងមូលដ្ឋានដែលជាទឡ្ហីករណ៍ក្នុងការដោះស្រាយបញ្ហាឲ្យ មានប្រសិទ្ធភាពមួយកម្រិតថែមទៀត។

 ជាមួយនេះផងដែរ លោកបានណែនាំដល់ លោក លោកស្រី សមាជិកសមាជិកាទាំងអស់ ដែលបានប្រកាសតែងតាំងនៅពេលនេះត្រូវខិតខំ ឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីអនុវត្តកម្មវិធីគោលនយោបាយ គោលការណ៍ សេចក្តីសម្រេចនានារបស់គណបក្ស ក៏ដូចជាការពង្រឹងគណបក្ស ទាំងផ្នែកនយោបាយ សតិអារម្មណ៍ ចាត់តាំង និងហិរញ្ញវត្ថុ ស្របតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់គណបក្សផងដែរ។

 ទន្ទឹមនឹងនេះគឺការពង្រឹងរចនាសម្ព័ន្ធអង្គការចាត់តាំងដើម្បីគ្រប់គ្រង ពង្រឹងពង្រីកគណបក្ស ក៏ដូចជាធ្វើបច្ចុប្បន្នភាពឲ្យបានជាប់ជាប្រចាំ ហើយត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង ឲ្យបានមាំល្អ ធ្វើជាគំរូដ៏ល្អដល់សមាជិកសមាជិកា និងការបំពេញការងារប្រកបដោយការទទួលខុសត្រូវ ប្រសិទ្ធភាព ព្រមទាំងដោះស្រាយបញ្ហាសំណូមពរនិងភាពលំបាកផ្សេងៗរបស់ពលរដ្ឋឲ្យបានចំគោលដៅ សំដៅទទួលបានការគាំទ្រនិងភាពជឿជាក់ពីពលរដ្ឋគ្រប់មូលដ្ឋាននិងគ្រប់កាលៈទេសៈ។

 លើសពីនេះទៀត លោកប្រធានក្រុមការងារ បាន ណែនាំដល់សមាជិកសមាជិកាគ្រប់មូលដ្ឋាន ត្រូវខិតខំធ្វើការជាមួយយុវជនឲ្យបានច្រើនជាពិសេសគឺការបំពាក់បំប៉នស្មារតីជាមួយយុវជនដែលគ្រប់អាយុបោះឆ្នោត ដែលជាកម្លាំងស្នូល ជាទំពាំងស្នងឬស្សីរបស់គណបក្សនិងប្រទេសជាតិទៅថ្ងៃអនាគត។

 ជាចុងបញ្ចប់ឯកឧត្តម ថោ ជេដ្ឋា បានធ្វើការណែនាំដល់សមាជិកសមាជិកាក្នុងអង្គពិធីទាំងមូលត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អប្រសើរគឺសុខភាពនេះហើយដែលនាំឲ្យយើងសម្រេចកិច្ចការផងទាំងឡាយប្រកបដោយជោគជ័យដ៏ត្រចះត្រចង់។