2024-07-11 10:07
109

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបលោកស្រី Kristin PARCO ប្រធានបេសកកម្មរបស់អង្គការ International Organization for Migration (IOM) ប្រចាំប្រទេសកម្ពុជា ។ 

នៅក្នុងឪកាសនោះលោកស្រី Kristin PARCO បានជម្រាបជូន លោកជំទាវរដ្ឋលេខាធិការថាអង្គការ IOM បានធ្វើសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលជាតិ នាយកដ្ឋានពាក់ព័ន្ធ កម្មវិធីជាតិ គាំទ្រក្រសួងសុខាភិបាលក្នុងការរៀបចំនូវគោលនយោបាយជាតិស្តីពីសុខភាពជនទេសន្តរប្រវេសន៍ និងចូលរួមជួយរៀបចំផែនការយុទ្ធសាស្រ្តជាតិស្តីពីសុខភាពជនទេសន្តរប្រវេសន៍ ២០២២-២០៣០ ។ តាមរយៈគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រជាតិខាងលើ IOM បានចូលរួមគាំទ្រដល់ដំណើរការក្រុមការងារបច្ចេកទេសសុខភាពជនទេសន្តរប្រវេសន៍នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមួយចំនួន ក្នុងនោះបានសហការគាំទ្រដល់ការបង្កើតក្រុមការងារបច្ចេកទេសសុខភាពជនទេសន្តរប្រវេសន៍នៅថ្នាក់ក្រោមជាតិសម្រាប់រាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ 

ទន្ទឹមនិងនោះ លោកស្រីប្រធានក៏ បានជម្រាបជូនអំពីគម្រោងកំចាត់រោគរបេងក្នុងចំណោមជនទេសន្តរប្រវេសន៍ ដំណាក់កាលទី២ ដែលជាគម្រោងលុបបំបាត់ជំងឺរបេងលើជនទេសន្តរប្រវេសន៍ថ្នាក់តំបន់ក្រោមការគាំទ្រថវិកាពីមូលនិធិសកល ដើម្បីរួមចំណែកកាត់បន្ថយបន្ទុកជំងឺរបេងក្នុងចំណោមជនទេសន្តរប្រវេសន៍ឆ្លងដែនកម្ពុជាដែលមានឯកសារស្របច្បាប់ និងគ្មានឯកសារ ដែលត្រឡប់មកពីប្រទេសថៃ។ 

លោកស្រីបានបញ្ជាក់ថា គម្រោងនេះអាចអនុវត្តទៅបានដោយរលូន និងមានប្រសិទ្ធភាពគួរជាទីមោទនៈ នេះគឺដោយសារមានការគាំទ្រពីក្រសួងសុខាភិបាល និងកិច្ចសហការល្អ និងជិតស្និទ្ធពីសំណាក់មជ្ឈមណ្ឌលជាតិ កម្មវិធីជាតិ មន្ទីរសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។

នៅក្នុងជំនួបនេះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណ អង្គការ IOM ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់   សុខភាពជនទេសន្តរប្រវេសន៍នៅកម្ពុជា និងស្នើដល់អង្គការ IOM  ព្រមទាំងស្នើសុំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែទូលំទូលាយទៀតក្រៅពីសុខភាពជនទេសន្តរប្រវេសន៍នៅកម្ពុជា ដូចជាការស្រាវជ្រាវរកជំងឺឆ្លងដែលអាចមាននៅលើអ្នកចំណូលស្រុកមកកម្ពុជា ការងារសុខភាពតែមួយ ជំងឺរបេង ជំងឺអេដស៍ និងជំងឺឆ្លងដ៏ទៃទៀត ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុ មាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាលអណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។