2024-05-07 04:05
19

ខេត្តកំពង់ចាម ៖កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចូលរួមជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ មជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម នៅក្នុងពិធីខាងលើនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្តមន្រ្តីមកពីតាម              បណ្តាមន្ទីរជំនាញនានាជុំវិញខេត្ត ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត ដែលទទួលបានការឧបត្ថម្ភគាំទ្រ និងសាងសង់ឡើងដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាខាងលើនេះ ឯកឧត្តម រដ្ឋលេខាធិការ  ក្រសួងសុខាភិបាល បានសម្តែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនិងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម គ្រប់លំដាប់ថ្នាក់ និងបានថ្លែងអំណរគុណទៅដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលក្នុងការផ្ដល់សេវាសុខាភិបាល ជាពិសេសការផ្ដល់សេវាថ្នាំបង្ការការពារសុខភាពជូនប្រជាពលរដ្ឋកម្ពុជាជាច្រើនឆ្នាំមកហើយ។ជាក់ស្ដែងនៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានមកផ្ដល់សេវាបង្ការជំងឺឆ្កែឆ្កួតនេះចាប់តាំងពីឆ្នាំ២០១៩រហូតមកដល់បច្ចុប្បន្ន ដែលជាមធ្យមក្នុង១ឆ្នាំអ្នកដែលមកទទួលសេវានៅមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត មានប្រមាណ ៩០០០នាក់ជារៀងរាល់ឆ្នាំផងដែរ។

ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្ដល់ការណែនាំ ដល់អ្នកចូលរួមក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅ ឱ្យចេះថែទាំសុខភាពជាពិសេសនៅក្នុងករណីដែលមានសត្វឆ្កែខាំត្រូវប្រញាប់មកទទួលប្រឹក្សាយោបល់ពីគ្រូពេទ្យជំនាញផ្ដល់ថ្នាំបង្ការការពារជំងឺឆ្កែឆ្កួតនេះឱ្យបានទាន់ពេលវេលានិងឆាប់រហ័ស។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើដល់លោកនាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ឱ្យពិចារណាក្នុងការបន្ថែមសេវាផ្ដល់ថ្នាំបង្ការផ្សេងៗទៀតនៅក្នុងមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត ដែលស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមនេះ ដើម្បីជាការជួយសម្រួលទៅដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម ក៏ដូចជាខេត្តជុំវិញនេះមកទទួលសេវាថ្នាំបង្ការចាំបាច់ផ្សេងៗទៀតជាដើម។