2024-05-01 07:05
35

ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដែលបានប្រារព្ធធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្ត រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ម៉ា វិចិត្រ អភិបាលខេត្តរតនគិរីស្តីទីបានស្នើដល់លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត ដែលចូលកាន់មុខតំណែងថ្មី រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃវិស័យសុខាភិបាល ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពមួយចំនួន៨ចំណុចរួមមាន៖
១.បន្តអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងតួនាទី និងភារកិច្ច ដើម្បីសម្រេចបាននូវកម្មវិធីនយោបាយ ផែនការយុទ្ធសាស្ត្រ ព្រមទាំងគោលនយោបាយអាទិភាពដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានដាក់ចេញ។
២.ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារឱ្យបានល្អនៅក្នុងអង្គភាពរបស់ខ្លួនដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាព និង ធានានិរន្តភាពការងាររបស់ខ្លួនឱ្យកាន់តែមានភាពល្អប្រសើរ។
៣.ត្រូវចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ មានប្រសិទ្ធភាព និងមិនរើសអើង ដើម្បីឆ្លើយតបតាមតម្រូវការរបស់មូលដ្ឋាន។

៤.ត្រូវយកចិត្តទុកដាក់រៀបចំ វេជ្ជៈបណ្ឌិត គ្រូពេទ្យ ប្រចាំការជាប់គ្រប់វេនយាមពេលថ្ងៃ និងពេលយប់, ត្រូវប្រើប្រាស់មន្ត្រីឱ្យស្របតាមជំនាញវិជ្ជាជីវៈរបស់មន្ត្រីម្នាក់ៗត្រូវមានអាកប្បកិរិយា សីលធម៌ប្រើពាក្យសំដី ទន់ភ្លន់គួរសម អត់ធ្មត់ជាមួយអ្នកជំងឺ ត្រូវគោរពវិន័យម៉ោងបំរើការងារ និងត្រូវយកចិត្តទុកដាក់ពិនិត្យរាល់ការ ផ្ទេរផ្លាស់ប្តូរកន្លែងបំរើការងាររបស់មន្ត្រីកុំឱ្យខ្វះមន្ត្រីសម្រាប់បម្រើសេវាសុខភាពជូនប្រជាជន ។
៥.ត្រូវការពារផលប្រយោជន៍មន្ត្រីរាជការស៊ីវិល ដោយផ្អែកលើច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល លិខិតបទដ្ឋានគតិយុត្តជាធរមាន។
៦.ត្រូវមានកិច្ចសហការជាមួយមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ ជាន់ថ្នាក់ឲ្យបានល្អប្រសើរ។
៧.ត្រូវមានគំនិតផ្តួចផ្តើម សិក្សាស្រាវជ្រាវស្វែងយល់បន្ថែមពាក់ព័ន្ធនឹងច្បាប់ និងលិខិតបទដ្ឋានបន្ថែមទៀត ។
៨.ត្រូវយកចិត្តទុកដាក់ក្នុងការកែលំអសោភណ្ឌភាព អនាម័យ បរិស្ថានក្នុង និងក្រៅបរិវេណមន្ទីរ ពេទ្យ ថែរក្សាអោយបានគង់វង្សនូវសមិទ្ធិផលនានាដែលបានកសាងមក និងបន្តអភិវឌ្ឍមន្ទីរពេទ្យបង្អែកខេត្ត ឲ្យកាន់តែល្អប្រសើរ។

​​​   ឯកឧត្តម ម៉ា វិចិត្រ ក៏ថ្លែងអំណរគុណថ្នាក់ដឹកនាំមន្ទីរសុខាភិបាល លោកគ្រូ អ្នកគ្រូពេទ្យទាំង អស់ដែលកន្លងមក បានខិតខំប្រឹងប្រែងយកចំណេះដឹង និងជំនាញបស់ខ្លួន ដើម្បីរួមសហការពិនិត្យ ព្យាបាល អ្នកជំងឺក្នុងខេត្តរតនគិរីទាំងមូល ជាពិសេសនៅក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ដែលមានរយៈពេលជិតបីឆ្នាំ កន្លងមកនេះ បានទទួលលទ្ធផលជោគជ័យគួរឱ្យមោទនភាព។

សូមបញ្ជាក់ថា តាមដីកាស្តីពី ការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការរបស់រដ្ឋបាលខេត្តរតនគិរី ចុះថ្ងៃទី២៧ ខែមីនាឆ្នាំ២០២៤ សម្រេច តែងតាំងលោកវេជ្ជបណ្ឌិត អូន សាវុធ អត្តលេខ ១៨៧០៨០០៣២២ ឋានន្តរសក្តិមន្ត្រី សុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ៤ ឲ្យកាន់មុខតំណែងជាប្រធានមន្ទីរពេទ្យបង្អែកខេត្ត ចំណុះ រចនាសម្ព័ន្ធមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី ជំនួស លោកវេជ្ជបណ្ឌិត ហុីងផាន សគន្ធា អត្តលេខ ១៦៦១៦០០០១៤ ឋានន្តរសក្តិមន្ត្រី សុខាភិបាលជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ៣ ពីប្រធានមន្ទីរពេទ្យបង្អែកខេត្ត ឲ្យមកបម្រើការងារជា មន្ត្រីនៅការិយាល័យរដ្ឋបាល និងបុគ្គលិក ចំណុះរចនាសម្ព័ន្ធមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី តាមការស្នើសុំរបស់សាមុីខ្លួន៕