2024-03-26 06:03
37

ភ្នំពេញ៖ ជនត្រូវចោទក្នុងសំណុំរឿងគ្រឿងញៀន ជិត ៧០០គីឡូក្រាម ជាជនជាតិវៀតណាម ចំនួន ០២នាក់ ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ ពីបទ «ជួញដូរ រក្សាទុក ដឹកជញ្ជូន ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន» និងបទ «សម្អាតប្រាក់» ប្រព្រឹត្តនៅរាជធានីភ្នំពេញ ព្រមទាំងបក្ខពួក ចំនូន ០៤នាក់ទៀតកំពុងរត់គេចខ្លួន។ 

នា ឆ្នាំ២០២៤ បានឲ្យដឹងថា ករណីសំណុំរឿងព្រហ្មទណ្ឌលេខ ១៩៣៧ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ មានជនត្រូវចោទឈ្មោះ NGUYEN HOAN DINH ភេទប្រុស ឈ្មោះ DUONG TIEN ភេទប្រុស និង ជនត្រូវចោទ ចំនួន ០៤នាក់ទៀត កំពុងគេចខ្លួន ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ជួញដូរ រក្សាទុក ដឹកជញ្ជូន ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន» និងបទល្មើស «សម្អាតប្រាក់» ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤។ 

ក្នុងសំណុំរឿងខាងលើ តំណាងអយ្យបានដកហូតបានវត្ថុតាងគ្រឿងញៀនទម្ងន់ប្រមាណ ៦៧០គីឡូក្រាមផងដែង។ 
ក្រោយការចោទប្រកាន់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទទាំង ០២នាក់ និងបក្ខពួក តាមមាត្រា ៤០ មាត្រា ៤៥ មាត្រា ៤៨ នៃច្បាប់ ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់ តាមមាត្រា ៣៨ នៃច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភារវកម្ម។ 
សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៦និង៤០នាទី កម្លាំងជំនាញ (ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អុិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងមានការដឹកនាំសម្របសម្រួលនិតិវិធីដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបនៅពីរគោលដៅផ្សេងៗគ្នា។ 

គោលដៅទី១៖ ចំណុចខុនដូរ «ហ្សង់អេលីហ្សេ» បន្ទប់លេខ ៨០៣ ជាន់ទី៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និង គោលដៅទី២៖ ចំណុចខនដូរ «ផ្លាទីនីនបេ» បន្ទប់លេខ១១០៥ ជាន់ទី១១ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ 

ជាលទ្ធផលកម្លាំងជំនាញចាប់ខ្លួន ជនល្មើស ០២នាក់ រួមានឈ្មោះ NGUYEN HOAN DINH ភេទប្រុស ជនជាតិវៀតណាម អាយុ ៤៥ឆ្នាំ និង ឈ្មោះ DUONG TIEN ភេទប្រុស ជនជាតិវៀតណាម អាយុ ១៧ឆ្នាំ។ គ្រឿងញៀនដែលចាប់យកបាន រួមមាន៖ មេតំហ្វេតាមីន (ICE) ទម្ងន់ ៥៩៤ ៨១២ ក្រាម (ជិត៦០០គីឡូក្រាម), អ៉ិចស្ត្រាស៊ី (MDMA) ទម្ងន់ ៤៨ ៩១៩.០១ ក្រាម (ជិត៥០គីឡូក្រាម), កេតាមីន (KETAMINE) ទម្ងន់ ៧ ៩៩០.០៤ក្រាម (ជិត៨គីឡូក្រាម), កញ្ជា (MARIJUANA) ទម្ងន់ ១៧,០០០ ក្រាម (១៧គីឡូក្រាម), សារធាតុមិនច្បាស់ទម្ងន់ ៨៧៦ក្រាម។ 

បច្ចុប្បន្នជនល្មើសទាំង ០២នាក់ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគាព្រៃសរួចរាល់ហើយ៕