2024-03-29 03:03
36

(កំពត) ៖  ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានវាយតម្លៃខ្ពស់ចំពោះការងាររបស់សមគមក្រុមប្រឹក្សាក្រុងស្រុក ឃុំសង្កាត់ នាឆ្នាំកន្លងមក ហើយថាអាជ្ញាធរ និងក្រុមប្រឹក្សាក្រុងស្រុក ឃុំសង្កាត់ ខេត្តកំពតមានការសហការគ្នាបានល្អក្នុងការបំពេញភាពរកិច្ចតួនាទី ធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ ពោពេញដោយស្នាមញញឹម នៅក្រោមដំបូលនៃម្លប់សន្តិភាព។

ឯកឧត្តមណែនាំដល់រដ្ឋបាលក្រុងស្រុកឃុំសង្កាត់បន្តបម្រើសេវា និងអភិវឌ្ឍន៍មូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់។
ថ្លែងក្នុងពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ខេត្តកំពត ដែលធ្វើឡើងនៅសាលប្រជុំបូកគោ នាថ្ងៃទី ២៨ ខែមីនានេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ឯកឧត្តមគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងសមទ្ធិផលការងាររបស់សមគមក្រុមប្រឹក្សាក្រុងស្រុក ឃុំសង្កាត់ ខេត្តកំពតនាពេលកន្លងមក។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានធ្វើការឃើញកត់សំគាល់ថា គ្រប់មូលដ្ឋានមានភាពល្អប្រើ ពលរដ្ឋមានភាពកក់ក្តៅ ពោពេញដោយស្នាមញញឹម ពេញចិត្តទទួលយកផលប្រយោជន៍ដែលកើតចេញអំពីកត្តាសុខសន្តិភាព។ 

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតក៍បានណែនាំដល់រដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ទាំងអស់សូមបន្តផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋាន ជូនប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាបណ្ណ។

ត្រូវផ្សព្វផ្សាយឲ្យបានធំទូលាយ និងចូលរួមអនុវត្តឲ្យបានជោគជ័យនូវគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ត្រូវចូលរួមអនុវត្តគោលយោបាយ និងនូវកម្មវិធីការងារនានា របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ពិសេសជួយសាបព្រោះវប្បធម៌កតញ្ញូនៅក្នុងមូលដ្ឋាន។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានក៏បានស្នើដល់សមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ ខេត្តកំពត សូមពិនិត្យ និងអនុវត្តតាមផែនការយុទ្ធសាស្ត្រទាំង៧របស់សមាគម បន្តតាមដានពិនិត្យមើលសមាជិក ថាតើគាត់បានគោរពសមស្របតាមភារកិច្ចនិងតួនាទីរបស់ខ្លួនហើយឬនៅ  រកឲ្យឃើញ ថាតើសមាជិកត្រូវការអីពិតប្រាកដ ត្រូវចូលរួមដោះស្រាយបញ្ហាប្រឈមនៅចំពោះមុខ បើដោះមិនរួចត្រូវបញ្ជូនទៅថ្នាក់ជាតិ  ត្រូវបង្កើតការស្រឡាញ់ចំពោះភារកិច្ចដែលខ្លួនកំពុងធ្វើ ស្រឡាញ់ការងារ ពេញចិត្តនឹងសមទ្ធិផលដែលខ្លួនកំពុងទទួលបាន។ 

លោក ស៊ីវ យុត ប្រធានសមាគមក្រុមប្រឹក្សាក្រុងស្រុក ឃុំសង្កាត់ (សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពត) បានបញ្ជាក់ថា ការបង្កើតសមាគមនេះឡើងក្នុងគោលបំណង លើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក កសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជំរុញការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

សមាគមមានទិសដៅ ពង្រឹងស្ថាប័នសមាគម ដែលជាយន្តការតំណាងឲ្យក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពត ឲ្យមានសមត្ថភាពជំនាញ និងវិជ្ជាជីវៈ ដើម្បីធ្វើសកម្មភាពបម្រើផលប្រយោជន៍សមាជិក ពង្រឹងចីរភាពហិរញ្ញវត្ថុរបស់សមាគម តាមរយៈយន្តការ និងនីតិវិធី ដែលធានាដល់ចីរភាពហិរញ្ញវត្ថុ ហើយមិនប៉ះពាល់ឯករាជ្យភាពរបស់សមាគម អភិវឌ្ឍសមត្ថភាពសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់តាមរយៈការបណ្តុះបណ្តាល និងការចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ការទំនាក់ទំនង និងសម្របសម្រួលលើរាល់បញ្ហា និងតម្រូវការរួមរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ជាមួយអង្គការជាតិ អន្តរជាតិ មន្ទីរ ក្រសួង និងស្ថាប័នពាក់ព័ន្ធ ការលើកកម្ពស់សមធម៌យេនឌ័រនៅក្នុងគោលនយោបាយជាតិ ដោយ ជំរុញឲ្យមានការចូលរួមរបស់ស្រ្តីនៅក្នុងក្រុមប្រឹក្សា និងនៅក្នុងសមាគម ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងគិតគូពីការប្រែប្រួលអាកាសធាតុ ដោយមានការចូលរួមរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដែលជាសមាជិកទាំង៩ក្រុង ស្រុក ផងដែល។(សឹង រ៉ាត់)