2024-03-07 11:03
52

កំពង់ស្ពឺ៖ មន្ត្រីរាជការជិត ២ ០០០នាក់ ចំណុះចំនួន ៣៥មន្ទីរ អង្គភាពជុំវិញខេត្តកំពង់ចាម ត្រូវធ្វើយុទ្ធនាការតេស្តរកសារធាតុញៀនដោយអនុវត្តតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជដ្ឋាភិបាលកម្ពុជា ស្តីពី ការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ 

ជាក់ស្តែងរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នេះ បានបើកយុទ្ធនាការ ធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ ប្រមាណជិត ២,០០០នាក់ នៃមន្ទីរអង្គភាពជុំវិញខេត្ត ជាមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ដែលជាអាទិភាពនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្តប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត។ 

ក្នុងយុទ្ធធានាការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ តាមមន្ទីរ អង្គភាព ក្នុងខេត្តកំពង់ចាម ខាងលើ រួមមាន៖ សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការសាលាខេត្ត មន្ត្រីមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន ១ ៩៦៧ នាក់ស្រី ៧៣៧នាក់ មកពី ៣៥មន្ទីរ អង្គភាព ដែលត្រូវធ្វើតេស្តរកសារធាតុញៀន 
ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកថា៖ «នៅជំហានដំបូងនេះ រដ្ឋបាលខេត្ត បានទទួលឧបករណ៍សម្រាប់ធ្វើតេស្ត ចំនួន ៥,០០០ ត្រូវបើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀន ទៅលើមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិកភូមិ និង តំណាក់កាលទី២ និងឈានទៅដល់ការធ្វើតេស្តក្រុមគ្រូបង្រៀន និងក្រុមគ្រូពេទ្យ សរុបទាំងអស់ប្រមាណជា ២ម៉ឺននាក់»។ 

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា «មន្ត្រីរាជការក្នុងខេត្ត ត្រូវតែចូលរួមធ្វើតេស្តទាំងអស់គ្នា ដើម្បីបញ្ជាក់ នូវភាពស្អាតស្អំ ភាពត្រឹមត្រូវ ក៏ដូចជាបញ្ជាក់ពីការចូលរួមគាំទ្រយុទ្ធនាការនេះផងដែរ ដើម្បីអនុវត្តទៅទទួលបានជោគជ័យ»៕