2023-12-21 04:12
121

ខេត្តក្រចេះ     ៖   អាគារសិក្សាថ្មី១ខ្នង ៦បន្ទប់ រួមនិងសមិទ្ធផលមួយចំនួនដូចជា ÷ របងក្លោងទ្វារ បន្ទប់ទឹក អណ្តូងទឹក និងអំពូលភ្លើងសូឡា ដែលជាអំណោយរបស់ឯកឧត្តមអ្នកឧកញ៉ាឧត្តមមង្គលសោភ័ណ គ្រី ទូច និងលោកជំទាំវ ទ្រី ង៉ូវណាំ ព្រមទាំងកូនចៅ ដែលចំណាយថវិការអស់ប្រមាណ ២១ ម៉ឺនដុលា្លអាមេរិក ពេលនេះបានប្រគល់ដាក់ឲ្យអ្នកគ្រូ-សិស្សានុសិស្សប្រើប្រាស់ ស្ថិតនៅភូមិបូស្សខ្នុរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ នាថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៣ ។ ដោយមាការចូលរួមសម្របសម្រួលពីលោក ក្រឹម ម៉ារ៉ាឌី ប្រធាមន្ទីរមុខងារសាធារណៈខេត្ត និងលោក ធុយ ចាន់ធា ប្រធានការិយាលល័យមធ្យមសិក្សា នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត រួមនិងមេឃុំ មាតាបិតា-សិស្សានុសិស្សប្រមាណជា ១៦០ នាក់ ។

 មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអ្នកឧកញ៉ាមង្គលសោភ័ណ គ្រី ទូច បានគូបញ្ជាក់ថា ៖ ការផ្តល់ឲ្យនូវអាគារសាលាថ្មី១ខ្នងនេះ គឺបញ្ជាក់ពីក្តីអាណិតស្រលាញ់ចៅៗ ដែលរស់នៅទីជនបទ       ពុំមានសាលាសម្រាប់រៀនត្រឹមត្រូវ ដោយអាស្រ័យនៅសាលាឆទាន ឬសាលាបុណ្យ ដែលបងប្អូនប្រជាពលរដ្ឋក្នុងភូមិបានសង់សម្រាបធ្វើបុណ្យម្តងកាល ហើយក៏ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍សាលារៀនឱ្យកាន់តែនៅជិតប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទដាច់ស្រយាល មានឱកាសបញ្ជូនកូនៗសិក្សារៀនសូត្រ និងជាការលើកទឹកចិត្តដល់ក្មួយៗ ចៅៗឲ្យមកចូលសិក្សារៀនសូត្របានចប់ថ្នាក់ផងដែរ ។

ឯកឧត្តមអ្នកឧកញ៉ា បន្តថា ៖ អាគារសិក្សាថ្មី១ខ្នងនេះ មិនមែនតែជាកន្លែងផ្តល់ចំណេះដឹងដល់ចៅៗតែពេលនេះទេ តែគឺជាទីកន្លែងផ្តល់ចំណេះដឹងដល់យូរអង្វែងដល់ក្មេងៗប្អូនៗរបស់ចៅៗជាបន្តបន្ទាប់ទៀត ។ ហើយតាមរយៈការទទួលបានអាគារសិក្សាថ្មីនាពេលនេះ មាតាបិតាអាណាព្យាបាល ត្រូវតែបន្តបញ្ជូនកូនចៅរបស់ខ្លួនឲ្យមកចូលរៀនគ្រប់គ្នា និងណណែនាំឱ្យយល់ច្បាស់ពីបញ្ហាគ្រឿងញៀន និងផលវិបាករបស់គ្រឿងញៀន ដែលជាបញ្ហាប្រឈមខ្លាំងជាងគេនៅក្នុងសង្គម ក្នុងនោះត្រូវបញ្រ្ជៀបការយល់ដឹងអំពីច្បាប់ចរាចរណ៍ និងផលប៉ះពាល់ក្រោយពេលជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដល់សិស្សានុសិស្ស កូនចៅទាំងអស់ឱ្យ ។ 

ឯកឧត្តមឯកឧត្តមអ្នកឧកញ៉ា គ្រី ទូច ក៏បានក្រើនរំលឹកដល់លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្ស ស្របពេលទទួលបានអាគារសិក្សាស្អាតហើយ ត្រូវតែធ្វើយ៉ាងណារៀបចំបរិស្ថានជុំវិញសាលារៀន ឱ្យបានស្អាតជាប្រចាំ គ្មានសំរាម កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងត្រូវដាំដើមឈើ បន្លែ ផ្លែឈើនៅលើដីដែលខ្លួនទំនេរ ដើម្បីដោះស្រាយជីវភាពបានមួយកម្រិត ពេលទទួលបានផ្លែផ្កា យើងអាចយកលក់ ឬបរិភោគបានដោយមិនព្រួយបារម្ភបញ្ហាការប្រើប្រាស់ជីគីមីឡើយ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអ្នកឧកញ៉ា រួមនិងលោកជំទាវ ព្រមទាំងកូនចៅ អញ្ជើញផ្តល់ថវិកា និងសម្ភារៈសិក្សាជូនដល់អ្នកគ្រូ-សិស្សានុសិស្ស និងបានចុះពិនិត្យមើលការរៀបចំបន្ទប់ថ្នាក់រៀនផងដែរ ៕ ណូរិទ្ធ (ក្រចេះ)