2023-06-13 06:06
239


ភ្នំពេញ៖ រថយន្តបែនដឹកដីមួយគ្រឿង បានបោះពួយយ៉ាងលឿនជាក់ហ្វាំងមិនទាន់បុកម៉ូតូ ម៉ូតូកងបី និងរថយន្ត ០១គ្រឿង បណ្តាលឲ្យស្លាប់ ចំនួន ០២នាក់ និងរងរបួស ចំនូន ០៥នាក់។ 


ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ ស្ថិតត្រង់ចំណុច ស្តុបមហាវីថី ឈ្នះ-ឈ្នះ កែងផ្លូវភ្នំពេញហាណូយ ក្នុងភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 
របាយការណ៍ប៉ូលិស បានឲ្យដឹងថា រថយន្តបែនដឹកដីបង្កគ្រោះថ្នាក់ ម៉ាកហ៊ីណូ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខព្រះសីហនុ 3A-3378 អ្នកបើកបរមានឈ្មោះ ពេជ្រ សួង ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅលំនៅភូមិហួចកើត ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបាននគរបាលឃាត់ខ្លួន។ 
ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ទី១- ឈ្មោះ ឡាត់ លុយ អាយុ ៤៥ឆ្នាំ និងទា២- ឈ្មោះ នឿន នាង អាយុ ៤០ឆ្នាំ ទាំង ០២នាក់ ត្រូវជាបងប្អូនថ្លៃ មានលំនៅភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ជិះម៉ូតូ ម៉ាកហុងឌ្រីម ពាក់ស្លាកលេខ ភ្នំពេញ 1FU-4563 និងមនុស្ស ចំនួន ០៥នាក់ទៀត រងរបួសធ្ងន់ និងស្រាល។ 
នៅមុនពេលកើតហេតុ មានរថយន្តដឹកដី ០១គ្រឿងបានបោះពួយយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើតជាន់ហ្វាំងមិនជាប់បានជ្រុលបុកម៉ូតូ ០១គ្រឿងពេញទំហឹងរួចកិនមនុស្ស ចំនួន ០២នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង រួចក៏ជ្រុលបុកម៉ូតូកង់ ៣មួយគ្រឿង និងជ្រុកបុករថយន្តមួយគ្រឿងទៀត។ 
ក្រុមគ្រួសារជនរងគ្រោះ បានរៀបរាបថា សពជនរងគ្រោះ ចំនួន ០២នាក់ ដែលស្លាប់បានធ្វើដំណើរមកពីស្រុកកំណើត ដើម្បីជួនកូនប្រុសមកប្រលងសាលាកូរ៉េ និងបានវិលត្រលប់ទៅស្រុកវិញឈប់ត្រង់ភ្លើងស្តុបត្រូវរថយន្តដឹកដីបុកកិនស្លាប់តែម្តង។ 
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកនើកបរត្រូវបានសមត្ថកិច្ខឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋានខណ្ឌ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕