2024-01-26 11:01
71

ភ្នំពេញ៖     អគ្គនាយកនៃមន្ទីរពហុព្យាបាល «មេត្រូ អអិលវី» (Metro RLV Polyclinic) នៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អគ្គស្នងការនគរបាលជាតិ សហការជាមួយស្នងការដ្ឋានខេត្តមណ្ឌលគិរី ស្រាវជ្រាវ និងឃាត់ខ្លនបានពាក់ព័ន្ធករណីជួញដូរសរីរាង្គ (ប្តូរតម្រងនោម) និងឆបោកប្រាក់អ្នកជំងឺសរុបជិត ១លានដុល្លារ ។

តាមប្រភព័ត៌មាន ដែលក្រុមការងារ msj tv ទទួលបាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា៖ បុគ្គលមានឈ្មោះ ង៉ែត សំអូន ជាអគ្គនាយកមន្ទីរពហុព្យាបាល «មេត្រូ អអិលវី» (Metro RLV Polyclinic) នៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សចាប់ខ្លួន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ នៅឃុំចុងផ្លាស ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ក្រោយមការដឹកនាំបញ្ជាផ្ទាលើពីសំណាក់លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ  ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស  និងការពារអនីតិជន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជាធានីភ្នំពេញផងដែរ ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានទទួលព័ត៌មាន តាមបណ្តាញសារពត៌មាន មានករណីជួញដូរសរីរាង្គ (ប្តូរតម្រងនោម) និងឆបោកប្រាក់ នៅមន្ទីរពហុព្យាបាល មេត្រូ អអ៊ិលវី (Metro RLV Polyclinic) ។ ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ  ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស  និងការពារអនីតិជន ធ្វើការបំភ្លឺជនរងគ្រោះ ចំនួន ០១នាក់ តាមប្រព័ន្ធតេឡេក្រាម ទទួលពាក្យបណ្តឹងជនរងគ្រោះ ចំនួន ០១នាក់ តំណាងឲ្យជនរងគ្រោះ សរុបចំនួន ០៦នាក់ ។
លុះនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដោយមានការបញ្ជាផ្ទាល់ពីលោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ   ប្រធាននាយកដ្ឋាន  និងសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ  បានបង្ក្រាប  និងឃាត់ខ្លួន  ជនប្រព្រិត្តល្មើស  «ករណីជួញដូរសរីរាង្គ  និងឆបោក»  នៅឃុំចុងផ្លាស ស្រុកកែវសីមា ខេត្តមណ្ឌលគីរី  ដោយមានការសហការល្អពីសស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។  

ក្រោយការឃាត់ខ្លនជនសង្ស័យជានាយកនៃមន្ទីរពហុព្យាបាល «មេត្រូ អអ៊ិលវី» (Metro RLV Polyclinic) សមត្ថកិច្ចជំនាញនាយកដ្ឋានបានកសាងសំណុំរឿង  និងជនសង្ស័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ត្រូវបានតុលាការបានចាត់ការតាមនីតិវិធី  និងចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែ (ម១) ។

សូមជម្រាបថា មានអ្នកជំងឺតម្រងនោម ឬហៅថាអ្នកជំងឺខូចក្រលៀន ចំនួន ១៨ នាក់ បានចាញ់បោកមន្ទីរពេទ្យ Metro RLV Poly Clinic អស់ប្រាក់ក្នុងម្នាក់ៗប្រមាណ ៥ ម៉ឺនដុល្លារ បន្ទាប់ពីនាំអ្នកជំងឺប្តូរក្រលៀនទៅដល់ប្រទេសឥណ្ឌា ស្រាប់តែតំណាងមន្ទីរពេទ្យនេះ ដែលប្រមូលលុយពីសាច់ញាតិអ្នកជំងឺជិត ១លានដុល្លារអាមេរិក បានរត់គេចខ្លួនបាត់ ដោយទុកអ្នកជំងឺចោលនៅក្នុងមន្ទីរពេទ្យប្រទេសឥណ្ឌារាប់ខែ មិនបានសេវាព្យាបាល «ប្ដូរក្រលៀន» ឡើយ។

ក្រោយមកមានអ្នកជំងឺខូចក្រលៀនម្នាក់ ដែលកំពុងដេករង់ចាំសេវាប្តូរក្រលៀន នៅឯប្រទេសឥណ្ឌា បានប្រាប់សារព័ត៌មានក្នុងស្រុកមួយឲ្យដឹងថា «គាត់មានជំងឺខូចតម្រងនោម ហើយបានទាក់ទងរកសេវាព្យាបាលជាមួយមន្ទីរពហុព្យាបាល មេត្រូ អអិលវី (Metro RLV Polyclinic) ដែលជាតំណាងរបស់មន្ទីរពេទ្យមេត្រូ របស់ប្រទេសឥណ្ឌា កាលពីអំឡុងខែមីនា ឆ្នាំ២០២៣ ហើយដើម្បីទទួលបានសេវាដូរតម្រងនោមនៅប្រទេសឥណ្ឌា រូបគាត់បានបង់ប្រាក់ប្រមាណ ៥ ម៉ឺនដុល្លារអាមេរិក ឱ្យទៅលោក ង៉ែត សំអូន ជាអគ្គនាយកមន្ទីរពហុព្យាបាលមេត្រូ អអិលវី នៅក្នុងរាជធានីភ្នំពេញ។ តែអ្វីដែលមិននឹកស្មានដល់នោះ គឺបន្ទាប់ពីបានប្រគល់លុយឲ្យ និងត្រូវបាននាំទៅដល់ប្រទេសឥណ្ឌា រូបគាត់បែរជាមិនទទួលបានសេវាដូរតម្រងនោម ដូចអ្វីដែលមន្ទីរពហុព្យាបាលមេត្រូ បានសន្យានោះឡើយ ដោយដេករង់ចាំរហូត» ។

ដោយការដេករង់ចាំសេវាប្តូរក្រលៀន នៅប្រទេសឥណ្ឌា អស់រយៈពេល ៧ខែ អ្នកជំងឺរងគ្រោះក៏បានទម្លាយមូលហេតុដ៏គួរឲ្យហួសចិត្តថា គឺដោយសារតែលោក ង៉ែត សំអូន ដែលជាអគ្គនាយកមន្ទីរពហុព្យាបាលមេត្រូ នៅក្នុងរាជធានីភ្នំពេញ មិនបានបង់ប្រាក់ឱ្យទៅមន្ទីរពេទ្យមេត្រូវនៅក្នុងប្រទេសឥណ្ឌា ខណៈពេលសួរទៅតំណាងមន្ទីរពហុព្យាបាលមេត្រូនៅភ្នំពេញ គេបានអះអាងថា «ក្រុមហ៊ុននៅភ្នំពេញក្ស័យធនមិនមានលុយបង់សម្រាប់ការព្យាបាលនេះឡើយ» ។

ក្រោយពីផ្ទុះព័ត៌មាននេះ តំណាងមន្ទីរពេទ្យនេះ បានបោកប្រាស់ប្រមូលលុយអ្នកជំងឺជិត ១លានដុល្លារ ស្រាប់តែខាងម្ចាស់មន្ទីរពេទ្យ Metro RLV Poly Clinic បានចេញសេចក្តីជូនដំណឹងដល់សាធារណជន តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ឲ្យបានដឹងបែបនេះថា «បុគ្គលឈ្មោះ ង៉ែត សំអូន ដែលត្រូវជានាយកគ្រប់គ្រងមន្ទីរពេទ្យ មេត្រូ RLV ក្រៅប្រទេស លីមីតធីត បានប្រើប្រាស់តួនាទីរបស់គាត់ នៅក្នុងក្រុមហ៊ុន ដោយមានកំហុសដែលមិនអាចទទួលយកបាន និងបានបង្ខូចកេរ្តិ៍ឈ្មោះមន្ទីរពេទ្យ ហើយបានយកលុយពីអ្នកជំងឺជាច្រើននាក់ដើម្បីព្យាបាល ជាពិសេសទៅប្រទេសឥណ្ឌា។ គាត់ក៏បានប្រមូលលុយពីបុគ្គលផ្សេងៗដែលដាក់បញ្ចាំឧបករណ៍របស់ក្រុមហ៊ុន ហើយមិនបានសងមកក្រុមហ៊ុនវិញដូចគ្នាទេ» ។

ម្ចាស់មន្ទីរពេទ្យ ក៏បានបញ្ជាក់ថា ក្រុមហ៊ុនបានថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះទង្វើអមនុស្សធម៌ដែលបានធ្វើឡើងដោយបុគ្គល ង៉ែត សំអូន ជាមួយប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ និងបានសម្រេចដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ដើម្បីប្រឆាំងទៅនឹងទង្វើរបស់បុគ្គលរូបនេះរួចហើយ និងក៏បានស្នើបងប្អូនប្រជាពលរដ្ឋជាអ្នកជំងឺ សូមកុំបន្តការជឿ ឬ ធ្វើកិច្ចសន្យាណាមួយជាមួយបុគ្គល ង៉ែត សំអូន ក្នុងការបញ្ជូនទៅព្យាបាលជំងឺនៅប្រទេសឥណ្ឌា ឬ អោយបុគ្គលនេះខ្ចីប្រាក់ជាថ្នូរនឹងដាក់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនបញ្ចាំណាមួយទៀត ។ ម្ចាស់ក្រុមហ៊ុនបដិសេធមិនទទួលយកទំនួលខុសត្រូវណាមួយឡើយ សម្រាប់សកម្មភាពរបស់ភាគីដែលមកទាក់ទងរកសេវាព្យាបាលជាមួយបុគ្គល ង៉ែត សំអូន ៕