2023-07-16 08:07
151


ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនារីវ័យក្មេងចំនួនពីរនាក់ទៀតបើករថយន្ត camry មួយគ្រឿងក្នុងល្បឿនលឿន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរថយន្តខ្ទេចមួយចំហៀងមុខខាងឆ្វេង តែសំណាងដែរដែលអ្នកបើកបរនិងអ្នករួមដំណើរមិនមានរងរបួស។


  ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចភ្លើងស្តុបផ្សារទួលគោក តាមបណ្តោយផ្លូវលេខ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី២  ខណ្ឌទួលគោក រាជធានីភ្នំពេញ។
  បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់និងមាននារីវ័យក្មេងចំនួនពីរនាក់ទៀតរួមដំណើរជាមួយបានបើករថយន្ត camry មួយគ្រឿងពណ៌សពាក់ផ្លាកលេខភ្នំពេញ2BB-7756ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៩ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរថយន្តខ្ទេចមួយចំហៀងផ្នែកខាងមុខខាងឆ្វេងខូចខាតយ៉ាងដំណំទៅមុខលែងរួច តែសំណាងល្អអ្នកបើកបរនិងអ្នករួមដំណើរមិនមានរងរបួស។
   ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕