2023-09-27 02:09
149

សៀមរាប៖ ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បន្តជួសជុលបង្គាន់ដៃនាគប្រវែងជិត ២០ម៉ែត្រទៅខាងកើត នៃជណ្ដើរខាងត្បូងរបស់ប្រាសាទអង្គរវត្តថែមទៀត ក្រោយបានពង្រឹងរចនាសម្ពន្ធខឿន និងផ្នែកក្បាលនាគរួចរាល់។ 

បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ស៊យ សុភារិន្ទ ឱ្យដឹងថា “បច្ចុប្បន្នសម្រេចបានការងារជួសជុលពង្រឹងគ្រឹះជណ្តើរ និងគ្រឹះបង្គាន់ដៃនាគ ដែលស្រុតចុះដោយសារទឹកហូរច្រោះ។ ជាមួយគ្នានេះ ក្រុមការងារក៏បានកាយកំណកដី បើកប្រព័ន្ធផ្លូវរំដោះទឹកបុរាណឡើងវិញ ការពារកុំឱ្យទឹកជ្រាបចូលតាមមុខដំណថ្ម ដែលជាហេតុធ្វើឱ្យគ្រឹះចុះខ្សោយបន្តទៀត”។ 

លោក សុភារិន ឱ្យដឹងទៀតថា “ក្រោយពីជួសជុលពង្រឹងគ្រឹះរួចហើយ ក្រុមការងាររៀបចំដាក់ទ្រនាប់ជើងនាគ និងក្បាលនាគឡើងវិញ។ ដោយឡែកនៅក្នុងការងារនេះ ក៏ត្រូវរើបង្កាន់ដៃនាគប្រវែង ១៥ម៉ែត្របន្ថែមទៀត”៕