2023-10-28 11:10
437

កំពត៖ ជនជាប់ចោទម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនដោយអនុវត្តន៍ដីកាបញ្ជាឲ្យចូលខ្លួន របស់សាលាដំបូងខេត្តព្រះសីហនុ ជាប់ពាក់ព៏ន្ធនឹងករណីបរិហារកេរ្តិ៍ និងគំមកំហែង នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ 

ជនសង្ស័យខាងលើ ត្រូវបានចាប់ខ្លួន នៅវេលាម៉ោង ១៥ និង០០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ ដោយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយមាស  បានសហការជាមួយកម្លាំងការិយាល័យជួញដូរមនុស្ស នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រះសីហនុ។ 

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ទុយ តេងលី ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត ឃាត់ខ្លួនត្រង់នៅចំណុច ភូមិត្រពាំងព្រីង ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត។ 

ការឃាត់ខ្លួនជនជាប់ចោទខាងលើ ធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួន លេខ០៥៦ អ.យ.ង/២៣ ចុះថ្ងៃទី២៦.១០.២០២៣ របស់លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ ករណីៈ បរិហារកេរ្តិ៍ និង គំរាមកំហែង ប្រព្រឹត្តនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីអំឡុងខែកញ្ញា ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។ 
បច្ចុប្បន្ន ជនសង្ស័យបានប្រគល់ជូនជំនាញអាវុធហត្ថខេត្តព្រះសីហនុបន្តនីតិវិធីច្បាប់៕