2024-03-27 11:03
36

(បាត់ដំបង)  សត្វក្រពើទម្ងន់ជាង ៤០គីឡូក្រាមដែលប្រជាពលរដ្ឋអ្នកនេសាទប្រទះឃើញក្នុងស្ទឹងសង្កែ កាលពីរំលងអាធ្រាត ពេលនេះសមត្ថកិច្ច និងមន្ត្រីជំនាញប្រមាញ់បានហើយ។

បើតាមលោក ឡុង យោធាវីរ: អធិការនគរបាលស្រុកឯកភ្នំបានបញ្ជាក់ឲ្យដឹងថា÷ សត្វក្រពើមួយក្បាលដែលប្រជាពលរដ្ឋអ្នកនេសាទប្រទះឃើញកាលពីវេលាទៀបភ្លឺនោះ រហូតដល់ព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤  ត្រូវបានកម្លាំងអធិការនគរបាលស្រុក សហការជាមួយមន្ត្រីជំនាញចុះស្វែងរកជាច្រើនគោលដៅ រហូតប្រទះឃើញ ខណះវាបានហែលបណ្តែតទឹក ហើយក៏ត្រូវកម្លាំងជំនាញប្រើប្រាស់ឧបករណ៍អួនអូសចាប់យកតែម្តង។

ករណីសត្វក្រពើដែលចាប់បាននៅក្នុងស្ទឹងសង្កែនេះគេនៅមិនទាន់ដឹងទេថាវាចេញពីប្រភពណានៅឡើយទេ ចំពោះមុខកម្លាំងពាក់ព័ន្ធ ក៏ដូចជាមន្ត្រីជំនាញនិងបន្តស្រាវជ្រាវរកម្ចាស់អ្នកចិញ្ចឹមដើម្បីណែនាំឲ្យរៀបចំនិងទុកដាក់នៅក្នុងទ្រុងឲ្យបានល្អចៀសវាងបង្កបញ្ហាគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាយថាហេតុ ។

បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើនេះបានឲ្យដឹងដែរថា សត្វក្រពើមួយក្បាលនេះត្រូវបានគេប្រទះឃើញនៅត្រង់ចំណុចដងស្ទឹងសង្កែ ក្នុងភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានទម្ងន់ជាង ៤០គីឡូក្រាម។ ក្រោយការប្រទះឃើញប្រជាពលរដ្ឋក៏បានផ្តល់ព័ត៌មានទៅដល់សមត្ថកិច្ចមូលដ្ឋាន ទើបមានកម្លាំងអធិការ រួមជាមួយមន្ត្រីជំនាញចុះប្រមាញ់រហូតចាប់បានតែម្តង៕