2023-06-22 10:06
224

 

ភ្នំពេញ ៖ កាលពីវេលាម៉ោង ៧ និង ៣០នាទីយប់ថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ត្រង់ចំណុច ច្រកចូលផ្សារក្រមួន ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។យុវជន២នាក់ ម្នាក់ស្លាប់នៅនឹងកន្លែង រីឯម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ជិះម៉ូតូមួយគ្រឿងរៀបនិងបត់ឆ្លងផ្លូវ ត្រូវបានរថយន្តសាំយ៉ុង បេីកមកពីក្រោយបុកពេញទំហឹង អូសជាង ១០ម៉ែត្រ ខ្ទាតចូលទៅគន្លងផ្លូវម្ខាងទៀត ត្រូវរថយន្ត Prius កិនបន្ថែមរួចគេចខ្លួនបាត់អស់ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ។ សពជនរងគ្រោះមានឈ្មោះ សឹម សុខឌីន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។


តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឱ្យដឹងថាដំបូងឡេីយ គេបានឃេីញយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក Honda Bet ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1IL-4258 ធ្វេីដំណេីរក្នុងទិសដៅជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុខាងលេី បានបង្អង់ល្បឿនរៀបនិងបត់ឆ្វេង ស្រាប់តែមានរថយន្ត ប្រភេទសាំយ៉ុង មិនចាំពណ៌ មិនចាំផ្លាកលេខ បេីកក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុកពីក្រោយ ម៉ូតូជនរងគ្រោះពេញទំហឹង អូសជាង ១០ម៉ែត្រ ខ្ទាតយុវជនម្នាក់ចូលទៅគន្លងផ្លូវម្ខាងទៀត ជាអកុសលត្រូវរថយន្ត Prius មួយគ្រឿងទៀតមិនចាំផ្លាកលេខ បេីកមកកិនចំក្បាលថែមទៀត បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯយុវជនម្នាក់ទៀតរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ប្រភពដដែលបានបន្តថា ពេលដែលបង្កគ្រោះថ្នាក់ចរាចរណ៍ហេីយនោះ រថយន្តបង្កទាំងពីរគ្រឿង មិនបានឈប់នោះទេ ដោយបានបន្ថែមល្បឿនបេីករត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកេីតហេតុ និងបានទំនាក់ទំនងទៅមន្ត្រីជំនាញចរាចរណ៍ឱ្យមកវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយតាមច្បាប់ ។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចជំនាញបានធ្វេីកំណត់ហេតុ រួចប្រគល់ជូនសាច់ញាតិ យកទៅធ្វេីបុណ្យតាមប្រពៃណី ៕