2023-04-17 09:04
418

 

ភ្នំពេញ ៖ ក្តីស្រមៃ និងក្តីសង្ឃឹមរបស់យើង បានឆ្លុះបញ្ចាំងតាមរយៈទិដ្ឋភាពផ្សេងៗនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលមានអាយុ ១០ឆ្នាំនេះ។ ស្នាមញញឹម ក្តីស្រលាញ់ ការតាំងចិត្ត  ភាពអត់ធ្មត់ និងមោទកភាពចំពោះអ្វីដែលខ្លួនមាន និងអ្វីដែលខ្លួននឹងឈោងចាប់យកសម្រាប់អនាគតកម្ពុជាបានប្រព្រឹត្តឭឡើងនៅលើទឹកដីអង្គរដែលជាបេះដូង និងអត្តសញ្ញាណរបស់ជាតិយើង។

នេះជាប្រសាសន៍ របស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។ 

លោកថ្លែងបន្តថា, ការឈោងចាប់ក្តីស្រមៃ ដែលប្រែក្លាយទៅជាក្តីសង្ឃឹមតាមរយៈការប្រកាន់យកទស្សនៈសុទិដ្ឋិនិយម ការគិតវិជ្ជមាន និងជាពិសេសការជ្រើសរើសជឿជាក់លើប្រទេសជាតិរបស់ខ្លួន ជឿជាក់លើខ្លួនឯងថាជាអ្នកក្តោបក្តាប់នូវជោគវាសនាប្រទេសជាតិនាពេលអនាគត  បានឆ្លុះបញ្ចាំងក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តក៏បានប្រមូលផ្តុំនូវបណ្តាក្តីស្រមៃខុសៗគ្នា ផ្សេងៗគ្នាវេញចូលគ្នាជាធ្លុងមួយក្លាយជាក្តីសង្ឃឹមរួម ទស្សនៈរួម និងការតាំងចិត្តរួម។

សន្តិភាពក៏ជាកត្តាដាច់ណាត់មួយដែលផ្តល់ឱកាសដល់ក្តីស្រមៃ និងក្តីសង្ឃឹមរបស់យុវជនដែលមានឱកាស និងលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតក្តីស្រមៃ ហើយរៀបចំគូសវាសដំណើរជីវិតឈោងចាប់ក្តីស្រមៃនេះបាន។ សន្តិភាពនាំឱ្យមានក្តីស្រមៃ និងក្តីសង្ឃឹម ហើយក្តីស្រមៃ និងក្តីសង្ឃឹមត្រូវមានសន្តិភាពជាខែលការពារ។

អរគុណសន្តិភាព!