2023-09-28 11:09
190

ភ្នំពេញ៖ ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ នឹងចាត់វិធានការឱ្យមន្ត្រីជំនាញចាប់ផ្តើមចុះប្រតិបត្តិការធ្វើតេស្តទឹកនោមលើមន្ត្រីពន្ធនាគារ និងជនជាប់ឃុំក្នុងពន្ធនាគារទូទាំងប្រទេស ដើម្បីសារធាតុញៀន ដោយមិនជូនដំណឹងឱ្យដឹងមុននោះឡើយ ដូច្នេះមន្ត្រីពន្ធនាគារដែលមានការពាក់ព័ន្ធគ្រឿងប្រុងខ្លួន អាចនឹងត្រូវបណ្តេញចេញពីក្រមខ័ណ្ឌប្រសិនបើរកឃើញមានផ្ទុកសារធាតុញៀននោះ។

អគ្គនាយកពន្ធនាគារ បានបញ្ជាក់ថា ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ដែលថ្លែងក្នុងឱកាសពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដោយបានណែនាំឲ្យគ្រប់អង្គភាពត្រូវរឹតបន្តឹងចំពោះបញ្ហាគ្រឿងញៀន ក្នុងន័យនេះ ដើម្បីធានាប្រសិទ្ធិភាពការអនុវត្តការងាររបស់មន្ត្រីពន្ធនាគារ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្តឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានការជឿទុកចិត្តពីមជ្ឈដ្ឋានទូទៅ អគ្គនាយកដ្ឋានពន្ធនាគារ បានសម្រេចដាក់ចេញនូវវិធានការធ្វើតេស្តរកសារធាតុញៀន លើមន្ត្រីពន្ធនាគារពន្ធនាគារជាទូទៅ និងជនជាប់ឃុំដែលមានការសង្ស័យប្រើប្រាស់គ្រឿងញៀន ក្នុងក្របខណ្ឌទូទាំងប្រទេសបន្ទាប់ពីសេចក្ដីណែនាំនេះត្រូវបានដាក់ចេញ។

ឧត្តមអគ្គានុរក្ស.១ ឈន សាណាត បានបញ្ជាក់ក្នុងលិខិតថា “សម្រាប់ការចុះប្រតិបត្តិការធ្វើតេស្តរកសារធាតុញៀនជាក់ស្ដែង នឹងដឹកនាំចុះអនុវត្តផ្ទាល់ដោយអគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយមន្ត្រីពេទ្យពន្ធនាគារគោលដៅនីមួយៗ ដោយមិនមានការជូនដំណឹងជាមុនឡើយ”។

អគ្គនាយកពន្ធនាគារ ក្នុងករណីរកឃើញថា “មន្ត្រីពន្ធនាគារមានចេតនាគេចវេសក្នុងការមិនចូលរួមសហការធ្វើតេស្ដ ឬរកឃើញមានសារធាតុញៀន អគ្គនាយកដ្ឋានពន្ធនាគារ នឹងគោរពស្នើសុំគោលការណ៍សម្រេចពី ក្រសួងដើម្បីអនុវត្តនូវវិធានការរដ្ឋបាលនានា និងវិធានការផ្លូវច្បាប់ជាធរមាន”៕