2024-02-01 08:02
77

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សហការការិយាល័យសន្តិសុខ នៃស្នងការនគរបាលរាជធានីភ្នំពេះ បានចាប់ខ្លួនលោក ហាក់ កុសល លេខាធិការគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខណ្ឌជ្រោយចង្វារ និង លោក ម៉ា ចិន្តា អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

ការចាប់ខ្លួនមន្ត្រីននក្សភ្លើងទៀន ខាងលើធ្វើឡើងកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤​ ម្សិលមិញ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ 

លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១១នឹង១៥នាទី កម្លាំងជំនាញបានសហការជាមួយផែនការងារសន្តិសុខ ស្រាវជ្រាវនាំខ្លួនជនត្រូវចោទ ចំនួន ០២នាក់ នៅចំណុចផ្លូវលេខ ១៣០ កែងផ្លូវលេខ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌពោធិ៍ រាជធានីភ្នំពេញ និងបន្តនាំខ្លួនបានម្នាក់ទៀត នៅចំណុចតាមបណ្តោយផ្លូវទន្លេសាបភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យនាំខ្លួន លេខ១៧២.ដ.ច.ន និងលេខ១៧៣ ដ.ច.នចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ចេញដោយលោក ស្រី យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ 

យោងតាមរបាយការណ៍បានឲ្យដឹងថាជនត្រូវចោទ ត្រូវបានឃាត់ខ្លួនពីបទៈ ក្លែងបន្លំ និង ប្រើប្រាស់ឯកសារក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងខែវិច្ឆិកា ឆ្នាំ២០២៣។ 

របាយការណ៍ដដែលបន្តថា ជនត្រូវចោទ ទី១- ឈ្មោះ ម៉ា ចិន្តា ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ភូមិកំរាម សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ សារធាតុញៀន និង ទី២- ឈ្មោះហាក់ កុសល ភេទប្រុស អាយុ ៤៣ឆ្នាំ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវទន្លេសាប ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្ភារៈចាប់យក ទូរសព្ទដៃ ០២គ្រឿង ។ 

ជនត្រូវចោទទាំង ០២នាក់ ត្រូវបានចោទពីបទៈ «​ក្លែងបន្លំ និងបទប្រើប្រាស់លិខិតក្លែងក្លាយ» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញតិ មាត្រា ៦២៦ មាត្រា  ៦២៧ និង មាត្រា ៦២៨ នៃក្រមព្រហ្មទណ្ឌ។ 

បច្ចុប្បន្នសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនិតិវិធីច្បាប់៕