2024-02-05 02:02
65

ខេត្តក្រចេះ ៖   សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តក្រចេះ នាចុងសប្តាហ៍នេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ ២០២៤ ដែលដឹកនាំដោយលោកស្រី ខាំ សុភាព ប្រធានប្រតិបត្តិសាខាសមាគម និងមានការអញ្ជើញចូលរួមពីលោកជំទាវ ហឹង ណារី វ៉ា ថន ប្រធានកិត្តិយសសមាគម និងលោកជំទាវ អ៊ូ គឹមសួរ ហឿ ស៊ីយ៉ែម អនុប្រធាន រួមនិងសមាជិការនៃសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ទូទាំងខេត្តសរុប ៩០ នាក់ ។ 

ក្នុងរបាយការណ៍លទ្ធផល បានបញ្ជាក់អំពីសកម្មភាពដែលសាខាសមាគមនារីគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់បំពេញ និងសម្រេចបាននៅក្នុងឆ្នាំ ២០២៣ កន្លងមក ដោយក្នុងនោះ បានជួប្រជុំប្រជុំពិភាក្សា និងបានពង្រឹងរចនាសម្ព័ន្ធចាត់តាំង ដើម្បីពង្រីកសមាជិក-ចូលរួមជាការងារសង្គម និងការងារមនុស្សធម៌-ការងារអភិវឌ្ឍន៍សមត្ថភាព ព្រមទាំងការងារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយសមាគមនារីនៃប្រទេសជាប់របបព្រំដែនផងដែរ ។

តាមប្រសាសន៍លោកស្រី ខាំ សុភាព ប្រធានប្រតិបត្តិសាខាសមាគម ក៏បានគូសបញ្ជាក់បន្ថែមថា ៖ សមាគមនារីនៅតែប្រកាន់យកការផ្សារភ្ជាប់ការងារសង្គម និងការងារអភិវឌ្ឍន៍ទៅនឹងការងារនយោបាយជានិច្ច ហើយក្នុងនោះឃើញថាស្ត្រីមានឱកាស និងភាពក្លាហានចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តនានា និងមានការយល់ដឹង មានការទទទួលខុសត្រូវិភាគរាល់បញ្ហានិងតម្រូវការ ពិសេសបញ្ហាស្ត្រីនិងកុមារ ។ ប៉ុន្តែទន្ទឹមនឹងនោះស្រ្តីក៏ប្រជួបបញ្ហាប្រឈមទៅនឹងភាពខ្វះការគាំទ្រ និងការផ្ដល់ឱកាសពីក្រុមគ្រួសារ សហគមន៍ និងសង្គម ហើយសម្រាប់ថវិកាអនុវត្តនៅមានកម្រិត ពុំសមស្របទៅនឹងទំហំការងារ ។

មានប្រសាសន៍បន្ថែមក្នុងឱកាសនោះ លោកជំទាវ ហឹង ណារី វ៉ា ថន ប្រធានកិត្តិយសនៃសាខាសមាគម បានមានប្រសាសន៍ថា ៖ ស្ថិតក្នុងស្ថានភាពដែលប្រទេសយើងកំពុងមានសុខសន្តិភាពពេញលេញ រាជរដ្ឋាភិបាលកម្ពុជាក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំផ្ទាល់ពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ព្រមទាំងមានការចង្អុលបង្ហាញផ្ទាល់ ពីឯកឧត្តមអភិបាលខេត្ត និងដោយមានកិច្ចសហការល្អជាមួយមន្ត្រីជំនាញពាក់ព័ន្ឋ បានធ្វើឲ្យសាខាសមាគមនារីយើងដំណើរការអនុវត្តសកម្មភាពការងារស្តែងចេញជាលទ្ឋផលបានល្អប្រសើរគួរឲ្យកត់សម្គាល់ ។  សម្រាប់ផែនការបន្តឆ្នាំ២០២៤នេះ លោកជំទាវប្រធានកិត្តិយសសាខា បានស្នើដល់សមាគមត្រូវរៀបចំកែសម្រួលបំពេញបន្ថែមសមាជិកាសមាគម ដើម្បីបន្តនិងចូលរួមគាំទ្រសមាគមឱ្យបានកាន់តែទូលំទូលាយ -បន្តការសហការគ្នាសាមគ្គីភាព អនុវត្តការងារឱ្យទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត ជាពិសេសចូលរួមសកម្មភាព មនុស្សធម៌ជាមួយសមាគមនៅតាមមូលដ្ឋានភូមិ-ឃុំ ចុះសួរសុខទុក្ខបងប្អូនស្ត្រី ដែលមានជីវភាពខ្វះខាតនៅតាមមូលដ្ឋាន សមាជិកាសមាគមដែលមានផ្ទៃពោះ និងស្ថានភាពលំបាកផ្សេងៗទៀតរបស់សមាជិកាសមាគម-បណ្ដុះបណ្តាលអ្នកសង្កេតការណ៍សមាគមដើម្បីចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក នាពេលខាងមុខ ៕ណូរិទ្ធ (ក្រចេះ)