2023-10-02 12:10
154

ព្រះសីហនុ៖ អាជ្ញាធរ និងសមត្ថកិច្ចខេត្តព្រះសីហនុកំពុងស្វះស្វែងរកសពជនរងគ្រោះ ចំនួន ០២នាក់ ដែលបានបាត់ខ្លួននៅក្នុងលម្ហរសមុទ្រម្តុំកោះតាង និងកោះពីរ បន្ទាប់ពីជួបឧបទ្ទវហេតុដ៏អាក្រក់ធ្លាក់ពីលើទូក។ 

 តាមសេចក្តីរាយការណ៍បឋមពីសមត្ថកិច្ច បានប្រាប់ថា ករណីជនរងគ្រោះធ្លាក់ពីលើទូកចូលសមុទ្រនេះ កើតឡើងនៅម៉ោងប្រមាណ ៧យប់ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ត្រង់ចំណុចចន្លោះកោះតាង និងកោះពីរ ក្នុងភូមិ​សាស្ត្រ​ សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ 

 ក្រុមគ្រួសារជនរងគ្រោះ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា មុនកើតហេតុពួកគាត់មានគ្នា ចំនូន ០៦នាក់ នៅលើទូកជាមួយគ្នាពេលនោះរលកខ្លាំងបណ្តាកឲ្យពួកគេទាំង០២នាក់ធ្លាក់ទឹកបាត់ខ្លួនតែម្តង។ តាមប្រភពបានបន្ថែមថា ជនរងគ្រោះដែលកំពុងបាត់ខ្លួនក្នុងលម្ហរសមុទ្រមាននារីអាយុ ២៤ឆ្នាំម្នាក់ និងក្មេងស្រីតូចម្នាក់ ដែលពួកគាត់មានទីលំនៅបច្ចុប្បន្ន ទំនប់ផែរ៉ូយ៉ាល់ចាស់ ក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្ត ព្រះសីហនុ។

 ក្រោយទទួលបានព័ត៌មាន ករណីខាងលើនេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក ក្រុមការងារសង្រ្គោះ​របស់​អ្នកឧកញ៉ា​ ទៀ វិចិត្រ​ កងការពារកោះតាង លេខ៣ បញ្ជាការដ្ឋាន​ការពារ​កោះ​ឆ្នេរ​, ស្នាក់ការ​សន្តិសុខ​កោះតាង​ទីបញ្ជាការជួរមុខ​គណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នគរបាល​ការពារ​ព្រំដែន​ទឹក និងប្រជានេសាទបានចេញជួយស្វែងរក​ជនរងគ្រោះ​ភ្លាមៗ ប៉ុន្តែរមិនទាន់ឃើញឡើយ។ 

 តាមការបញ្ជាក់នៅព្រឹកថ្ងៃទី០២ ខែកញ្ញានេះ ក្រុមសមត្ថកិច្ចកំពុងបន្តស្វែងរកសពជនរងគ្រោះទាំង ០២នាក់ ជុំវិញកន្លែងកើតហេតុ៕