2023-10-17 04:10
336

ស្ទឹងត្រែង៖ សត្វកន្ធាយក្បាលកង្កែបមួយក្បាលជាប់សន្ទូចប្រជានេសាទ ត្រូវបានសហគមន៍អូរច្រឡង់ប្រគល់ទៅឲ្យអង្គការ WCS ធ្វើការព្យាបាលរបួស និងធ្វើពិធីព្រលែងចូលទៅក្នុងទន្លេវិញ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ។

លោក ឃីន ម៉ានីប្រធានសហគមន៍អូតច្រឡង់ បានឲ្យដឹងថា សត្វកន្ធាយមួយក្បាលនេះ ត្រូវបានអ្នកនេសាទ នៅក្នុងភូមិរបស់គាត់នេសាទបាន ដោយគាត់បានដាក់សន្ទូចនុយជន្លេនយកត្រីតែវាមិនស៊ីនោះទេ បែរជាជាប់ជើងវាទៅវិញបណ្ដាលឲ្យរងរបួស។ 

លោកប្រធានសហគមន៍បន្តទៀតថា ក្រោយពីរអ្នកនេសាទខាងលើ នេសាទបានកន្ធាយបានរាយការណ៍មកលោកហើយលោកក៏បានរាយការណ៍ទៅអង្គការ (WCS) ដែលមានទីតាំងនៅក្នុងខេត្តក្រចេះ មកយកដើម្បីព្យាបាលជើងរបស់វាដែលជាប់សន្ទូចមានរបួស។

លោកថា បន្ទាប់ពីអង្គការ (WCS) យកទៅព្យាបាលរបួសអស់រយៈពេល ១៤ថ្ងៃសត្វកន្ធាយបានជាសះស្បើយធម្មតាវិញ ទើបនៅថ្ងៃទី១៦ ខែតុលា បាននិមន្តព្រះសង្ឃធ្វើពិធីសូត្រមន្ត និងមានការចូលរួមពីប្រជាសហគមន៍នេសាទ ឆ្មាំទន្លេ មន្ត្រីរដ្ឋបាលជលផលស្ទឹងត្រែង អង្គការ WCS ដើម្បីព្រលែងសត្វកន្ធាយចូលទៅក្នុងទន្លេវិញ នៅត្រង់ចំណុចជាប់សន្ទូចកន្លែងដែលវាធ្លាប់រស់នៅ ដើម្បីធ្វើការអភិរក្សឲ្យវាបន្តពូជ។

សូមបញ្ជាក់ថាសត្វកន្ធាយកង្កែបនេះ ត្រូវបានអ្នកនេសាទដាក់សន្ទូចជាប់ជើង កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នៅចំណុចក្បាលកោះឈើទាលតូច ភូមិអូរច្រឡំ ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង៕