2023-12-17 04:12
96

បន្ទាយមានជ័យ៖ បុគ្គលិកបម្រើការងារក្នុងក្រុមហ៊ុន កាស៊ីណូ យីហោ «GOOD WORL» ចំនួន ០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃត់ខ្លួន ដើម្បីសាកសួរ និងកសាងសំណុំរឿងពាក់ព័ន្ធករណីលួចយកកាក់របស់ក្រុមហ៊ុនយកទៅដូរយកលុយសុទ្ធយកមកចាយវាយអស់រយៈពេលប្រហែល ៣ខែទើបចាប់បាន សរុបប្រមាណជាង ៣០ម៉ឺនបាត។
   តាមសេចក្តីរាយការណ៍ ឱ្យដឹងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ជាបុគ្កលិកកាស៊ីណូ «GOOD WORL» មានទីតាំងស្ថិតក្នុង ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមបណ្តឹងរបស់តំណាងក្រុមហ៊ុន កាស៊ីណូ ពាក់ព័ន្ធករណីលួចកាក់ឈីបបន្លំឱ្យភ្ញៀវចូលលេងទៅដូរយកប្រាក់សុទ្ធសម្រាប់ទុកចាយវាយ។
   តាមប្រភពបានឱ្យដឹងថា ជនសង្ស័យជាបុគ្គលិករបស់កាស៊ីណូទាំង ០២នាក់ ខាងលើ ត្រូវបានឃាត់ខ្លួន កាលវេលាម៉ោង ៧ព្រឹក  ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅស្ថិតកាស៊ីណូ «GOOD WORL» ក្រុងប៉ោយប៉ែត តាមពាក្យបណ្តឹងរបស់ឈ្មោះ គឹម ស៊ានលី ភេទប្រុស អាយុ ៤២ឆ្នាំ ទីលំនៅ ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
   ប្រភបន្តថា ជនសង្ស័យទាំង ០២នាក់ រួមមាន ទី១- ឈ្មោះ  ឡូញ ពៅ ភេទប្រុស អាយុ ៣២ឆ្នាំ ជាបុគ្គលិកបម្រើការងារក្នុងកាស៊ីណូ និង ទី២- ឈ្មោះ  រុន នោរី ភេទប្រុស អាយុ ៤៣ឆ្នាំ ភ្ញៀវឃុបឃិតគ្នាលួចកាក់ឈីបរបស់ក្រុមហ៊ុនចំនួន 0១កាក់ មានតម្លៃស្មើរនឹង ៥ ០០០បាត ដាក់ក្នុងអាវហើយសន្តិសុខ ក្រុមហ៊ុនកាស៊ីណូ បានឃើញទាន់ និងឃាត់ខ្លួនសួរនាំ និងប្តឹងទៅអាវុធហត្ថក្រុងប៉ោយប៉ែត។ បន្ទាប់ពីទទួលព័ត៌មាន ក៏ដូចជាមានបណ្តឹងមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងដល់់ចំណុចកាស៊ីណ «GOOD WORL» ដោយឃាត់សង្ស័យ ចំនួន ០២នាក់ យកមកអាវុធហត្ថក្រុងប៉ោយប៉ែដើម្បីសួនាំតាមនិតិវិធី។
  បុគ្គលិកកាស៊ីណីទាំង ០២នាក់ បានឆ្លើយសារភាពថា «ពួកគេពិតជាធ្លាប់បានធ្វើសកម្មភាពលួចកាក់ឈីបរបស់ក្រុមហ៊ុនកាស៊ីណូក្នុងរយៈពេលប្រហែល ៣ខែមកហើយ។ ក្រោយពេលលួចកាក់បានខ្លួនបានយកកាក់នោះទៅប្រគល់ឲ្យភ្ញៀវ ឈ្មោះ  រុន នោរី ដើម្បីដូរយកប្រាក់ចែកគ្នាចាយ សរុបជាទឹកប្រាក់ទាំងអស់ចំនួន ប្រហែល ៣០ម៉ឺនបាត ប៉ុន្តែចុងក្រោយត្រូវបានសន្តិសុខចាប់បានតែម្តង»។
   លោកវរសេនីយ៍ត្រី  នួន  នីណារ៉ូ មេបញ្ជាការប៉េអឹមក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ជនសង្ស័យទាំង ០២នាក់ មានឈ្មោះ  ឡូញ ពៅ និង ឈ្មោះ រុន នោរី ពួកគេស្នាក់នៅ ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចអាវុធហត្ថ បានដកហូត វត្ថុតាង រួមមាន៖ កាក់ឈីប លេខ ៥០០០ ចំនួន ០១, ម៉ូតូ ម៉ាកហុង C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AQ-98 38 ចំនួន ០១គ្រឿង,  ខ្សែក លោហធាតុ ពណ៌ក្រហម ប្រវែង ២៥cm ចំនួន 0១ខ្សែ, ខ្សែដៃលោហធាតុ ពណ៌លឿង ប្រវែង ៧cm ចំនួន១ខ្សែ, ចិញ្ចៀន លោហធាតុ ពណ៌លឿង មានដាំត្បូង ពណ៌ស ចំនួន 0១វង់,  ប័ណ្ណសម្គាល់ទោចក្រយានយន្ត ចំនួន 0១សន្លឹក,  USB ផ្ទុកទិន្នន័យ វីដីអូរ  ចំនួន 0១។ 
   ជនសង្ស័យទាំង 0២នាក់ និងវត្ថុតាង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលទី១៦  ខែធ្នូ  ឆ្នាំ២០២៣ ម្សិលមិញ  ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕