2023-10-28 01:10
348

(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោក ដៀប ពិរី សមាជិកក្រុមប្រឹក្សាខេត្ត រួមទាំងមន្ត្រីរាជការមន្ទីរអង្គភាពកងកម្លាំង នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ បានប្រារព្ធពិធីក្រុងពលីបួងសួងសុំសេចក្តីសុខចម្រើន ដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ រួមទាំងក្រុមកីឡាករចំណុះទូកទាំងអស់ក្នុងពិធីប្រណាំងទូក «ង» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣។

កម្មវិធីសាសនាបួងសួងបារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយ រួមមានបារមីលោកតា «ឥ» និង លោកតាក្រហម «ក» ដើម្បីសុំសេចក្តីសុខ នៃកិច្ចដំណើរការពិធីបុណ្យអុំទូក ប្រកបដោយជោគជ័យ សេរីមង្គលដ៏បវរ ប្រកបតាមសេចក្តីប៉ងប្រាថ្នា នៃប្រជាពលរដ្ឋខ្មែរ ព្រមជាមួយភ្ញៀវជាតិ-អន្តរជាតិ ។


ការប្រារព្ធពិធីនានាតាមបែបព្រហ្មសាសនានេះផងដែរ ក៏បានបង្ហាញអំពីបេះដូងដ៏ទូលំទូលាយរបស់ប្រជាជនខ្មែរ ដែលបានរក្សាប្រពៃណីជំនឿ នៃជាតិសាសន៍របស់ខ្លួនតាំងតែពីសម័យកាលដ៏រុងរឿង នៃអាណាចក្រអង្គរ ដែលជាសម័យកាល នៃព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែ បានធ្វើសមាហរណកម្មរវាងព្រហ្មសាសនា និងការហូរចូលព្រះពុទ្ធសាសនាមកកាន់កម្ពុជា។


ក្នុងឱកាសនៃការប្រារព្ធពិធីប្រណាំងទូក «ង» ក្នុងខេត្តកំពង់ធំ ក៏មានការប្រគុំតន្ត្រី បាញ់កាំជ្រួច បណ្តែតប្រទីប និងស្តង់តាំងពិពណ៌ដាក់នៅផលិតផលផ្សេងៗជាច្រើនមុខ ដើម្បីទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋដែលមកចូលរួម លេងកំសាន្តនៅក្នុងឱកាសនៃពិធីប្រណាំងទូក «ង» នេះ។

ជាមួយគ្នានេះរដ្ឋបាលខេត្ត សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ទាំងទីជិត ទីឆ្ងាយ ចូលរួមទស្សនាកម្សាន្តការប្រណាំងទូក «ង» ឱ្យបានច្រើនកុះករដើម្បីញ៉ាំង បរិយាកាសពិធីនេះឱ្យសប្បាយរីករាយផងដែរ៕


សូមបញ្ជាក់ថាការប្រារព្ធពិធីប្រណាំងទូក «ង» ធ្វើឡើងដើម្បីបង្កលក្ខណៈភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ជាពិសេសដើម្បីអបអរ ពិធីបុណ្យ អ៊ុំទូក អកអំបុក សំពះ ព្រះខែ នៅពេលខាងមុខ។ ក្នុងការប្រណាំង ង នេះមាន សរុបចំនួន ៥៥ទូក កីឡាករ ១,៧១៥នាក់៕