2024-03-04 01:03
55

កណ្តាល៖បន្ទាប់ពីអ្នកវិនិយោគផ្សារតាថ្មី បិទផ្សារមិនឱ្យលក់ដូរ ធ្វើឱ្យអាជីវករផ្ទុះការតវ៉ា ប៉ុន្តែក្រោយអភិបាលក្រុងធ្វើការសម្របសម្រួលទើបគេព្រមបើកឱ្យលក់ដូរវិញ ខណៈ ចំណុចដែលមិនទាន់មានការឯកភាពគ្នារវាងអ្នកវិនិយោគថ្មីនិងអាជីវករត្រូវលើកយកទៅជជែកពិភាក្សាគ្នាពេលក្រោយ ។

នាព្រឹកថ្ងៃទី០៣ មិនា ២០២៤ ក្រុមអាជីវករផ្សារតាខ្មៅថ្មី ស្ថិតក្នុងភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ជាច្រើននាក់បានលើកគ្នា មកធ្វើការតវ៉ានៅសាលាក្រុង           តាខ្មៅ ក្រោយពេលដែលគណៈគ្រប់គ្រងផ្សារ(ថ្មី) បិទផ្សារមិនឱ្យពួកគាត់លក់ដូរ ដោយពួកគាត់បានលើកឡើងថា ក្រុមអាជីវករទាំងអស់បានប្រកបរបរលក់ដូរបានសុខសាន្តល្អណាស់ ពុំដែលកើតមានបញ្ហាអ្វីនោះទេ ប៉ុន្តែ បន្ទាប់មានថៅកែថ្មីចូលមកវិនិយោគ ស្រាប់ តែបង្កើតបញ្ហា ធ្វើការបិទផ្សារមិនឱ្យពួកគាត់លក់ដូរ ក្រោមលេសជួសជុលប្រព័នុ្ធលូ និងរុះរើតូបរបស់ពួកគាត់ នាំឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ ទើបពួកគាត់នាំគ្នាមកសុំកិច្ចអន្តរាគមន៍ពីអភិបាលក្រុងតែម្តង។ 

ក្រុមអាជីវករ បានបញ្ជាក់ថា រឿងជួសជុលប្រពន្ធ័លូ និងកែលម្អសណ្តាប់ធ្នាប់ ពួកគាត់មិនទោមនស្សនោះទេ!ហេតុអ្វីបានជាត្រូវមកបិទផ្សារមិនឱ្យពួកគាត់លក់ដូរទៅវិញ ទន្ទឹមនិងនោះពួកគាត់បានសំណូមពរ ទី១ សូមរក្សាទំហំកន្លែងលក់នីមួយៗឲ្យនៅដដែល ទី២ សូមឱ្យមានឃ្លុបដាក់អីវ៉ាន់ឱ្យបានត្រឹមត្រូវ និងមិនត្រូវរុះរោះស្តង់របស់ពួកគាត់ឡើយ ទី៣ សុំទទួលស្គាល់ចំពោះការផ្ទេរសិទ្ធិពីអាជីវករមួយទៅមួយដូចមុន ទី៤ សូមផ្តល់សិទ្ធិ         ដលអាជីវករចាស់ អាចជួលតូប ឬកន្លែងឱ្យទៅអ្នកលក់ផ្សេងទៀតបាន និងទី៥ សូមយកភាស៊ីមួយដងសម្រាប់អាជីវករលក់តាមសំយ៉ាបផ្សារ រួមទាំងកន្លែងផ្សេងៗមានយប់ មានថ្ងៃ ព្រោះអាជីវករកំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងសេដ្ឋកិច្ចក្នុងគ្រួសារ។

ដោយឡែកតំណាងអ្នកវិនិយោគផ្សារតាខ្មៅថ្មី បានលើកឡើងថា ដោយសារមានកិច្ចសម្របសម្រួលពីលោកអភិបាលក្រុង ម្ចាស់ផ្សារបានសម្រេចបើកផ្សារឱ្យបងប្អូនអាជីវករលក់ដូរឡើងវិញសិន ហើយចំណុចដែលនៅសេសសល់ទាំងប៉ុន្មាន ថៅកែផ្សារ នឹងលើកយកទៅធ្វើការជជែកពិភាក្សាជាមួយអាជីវករនិងអាជ្ញាធរបន្តទៀត។

ក្រោយកិច្ចសម្របសម្រួលរវាងតំណាងថៅកែផ្សារតាខ្មៅថ្មី ជាមួយក្រុមអាជីវករ លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានឱ្យដឹងថា អ្នកវិនិយោគថ្មី មិនត្រូវបិទផ្សារជាដាច់ខាត ទោះបីត្រូវធ្វើការរៀបចំប្រពន្ធ័លូ និងសណ្តាប់ធ្នាប់របៀបរៀបរយ ក៏ដោយ ព្រោះវាប៉ះពាល់ដល់មុខរបររកទទួលទានរបស់បងប្អូនអាជីវករ ហើយឥឡូវថៅកែផ្សារតាខ្មៅថ្មី បានសម្រេចបើកផ្សារឱ្យបងប្អូនលក់ដូរឡើងវិញហើយ ចំណែកឯបញ្ហាដែលនៅសេសសល់ នៅមិនទាន់មានការឯកភាពគ្នា យើងនឹងលើកយកមកដាក់លើតុដើម្បីជជែកពិភាក្សាគ្នា ដើម្បីស្វែងរកនូវចំណុចវិជ្ជមានឈ្នះ ឈ្នះ ទាំងអស់គ្នា រវាងអ្នកដែលទទួលសិទ្ធវិនិយោគ និងក្រុមអាជីវករទាំងអស់ ។