2024-03-17 05:03
47

(ប៉ៃលិន)៖ រោងចក្រសម្ងួតផ្លែមៀន មួយកន្លែង ត្រូវអគ្គីភ័យឆាបឆេះអស់ស្ទើរទាំងស្រុង ដែលករណីនេះសង្ស័យថាបណ្តាលមកពីទុស្សេចរន្តអគ្គិសនី បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២យប់ រំលងអាធ្រាតឈានចូលថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិបុសស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
   តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា រោងចក្រសម្ថួតផ្លែមៀនដែលអគ្គិភ័យឆាបឆេះខាងលើនេះ មានម្ចាស់ឈ្មោះ កៅ យាន និងមានអ្នកតំណាងឈ្មោះ ជីង ហ្វៃ ភេទប្រុស អាយុ៣៦ឆ្នាំ ជាជនជាតិចិន ។ឃ្លាំងនេះមានទំហំ ៣០ម៉ x ៥០ម៉ សង់អំពីថ្មប្រក់ស័ង្កសី ក្នុងនោះក៏បានឆេះម៉ាស៊ីនត្រជាក់ចំនួន ៥គ្រឿង,ម៉ាស៊ីនកំដៅសម្ងួតមៀនចំនួន ៣គ្រឿង និងសម្ភារៈផ្សេងៗមួយចំនួនទៀតផងដែរ។
នៅក្នុងហេតុនេះក៏មានសមត្ថកិច្ចជំនាញចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង បាញ់ទឹកអស់ ៥ស៊ីទែនទើបអគ្គិភ័យនេះបានរលត់អស់ទៅវិញទាំងស្រុង នៅវេលាម៉ោង៤និង៣០នាទី ព្រឹកថ្ងៃដដែលនោះ ចំពោះមូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះកើតឡើងសមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានថាបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។